កាលពីថ្ងៃទី ២៦ ឧសភា សភារបស់ ប្រទេសអ៊ីរ៉ាក់ បានអនុម័តសេចក្ដីព្រាងច្បាប់មួយដែលហាមអាជ្ញាធរប្រទេសនេះ ធ្វើប្រក្រតីភាពឡើងវិញលើទំនាក់ទំនងជាមួយនឹង ប្រទេសអ៊ីស្រាអែល។ ឥរិយាបថនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលប្រទេសមួយចំនួនក្នុង ពិភពអារ៉ាប់ បានធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយ អ៊ីស្រាអែល ដោយមាន អាម៉េរិក ជាអ្នកផ្សះផ្សា។
ចាប់តាំងពី អ៊ីស្រាអែល ប្រកាសឯករាជ្យកាលពីឆ្នាំ ១៩៤៨ មកដល់បច្ចុប្បន្ន ប្រទេសអ៊ីរ៉ាក់ មិនធ្លាប់បានទទួលស្គាល់ រដ្ឋជ្វីហ្វ ម្ដងណាឡើយ ហើយពលរដ្ឋ និងក្រុមហ៊ុនរបស់ អ៊ីរ៉ាក់ ក៏មិនត្រូវបានអនុញ្ញាតឱ្យទៅកាន់ ប្រទេសអ៊ីស្រាអែល និងសហការណ៍ជាមួយប្រទេសនេះ។ ប៉ុន្តែ ច្បាប់ថ្មីដែលទើបត្រូវបាន សភាអ៊ីរ៉ាក់ អនុម័តនេះ រឹតតែមានភាពតឹងរឹងបន្ថែមទៀត ដោយអនុញ្ញាតឱ្យមានការដាក់ទោសទណ្ឌលើកិច្ចប្រឹងប្រែងទាំងឡាយដែលចង់ធ្វើប្រក្រតីភាពទំនាក់ទំនងរវាង ប្រទេសអ៊ីរ៉ាក់ និង ប្រទេសអ៊ីស្រាអែល។
ច្បាប់ខាងលើនេះត្រូវបានស្នើដោយ Moqtada al-Sadr ដែលជាអាចារ្យអ៊ីស្លាម និកាយ Shi’ite ក្នុងពេលដែលសម្ព័ន្ធមិត្តរបស់អាចារ្យរូបនេះ កំពុងកាន់កាប់សំឡេងភាគច្រើននៅសភា ដែលបានបោះឆ្នោតកាលពីខែតុលា ២០២១។ សម្ព័ន្ធមិត្តនេះមាននិន្នាការប្រឆាំងនឹងទំនាក់ទំនងជាមួយ អាម៉េរិក និង អ៊ីស្រាអែល។
គិតមកដល់បច្ចុប្បន្ន ប្រទេសអារ៉ាប់ មួយចំនួន ក្នុងនោះរួមមានទាំង អារ៉ាប់រួម (United Arab Emirates) និង បារ៉ែន ផងដែរ កំពុងលើកកម្ពស់ទំនាក់ទំនងជាមួយ អ៊ីស្រាអែល។ ចំណែក អារ៉ាប៊ីសាអូឌីត វិញ បានលើកឡើងនូវលក្ខខណ្ឌជាថ្នូរនឹងការធ្វើប្រក្រតីភាពជាមួយ អ៊ីស្រាអែល ដោយស្នើឱ្យដោះស្រាយសំណើបង្កើតរដ្ឋរបស់ជនជាតិ ប៉ាលេស្ទីន នៅលើដែនដីដែលត្រូវបាន អ៊ីស្រាអែល កាន់កាប់ចាប់តាំងពីការផ្ទុះសង្គ្រាមនៅ ជម្ឈិមបូព៌ា កាលពីឆ្នាំ ១៩៦៧។