មន្ត្រីសេតវិមាន បានឱ្យដឹងថា សហរដ្ឋអាម៉េរិក អះអាងថា សេណារីយោ រុស្ស៊ី ក្ស័យធន នឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក និងពិភពលោកឡើយ។
«យើងព្យាករថា ផលប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក ក៏ដូចជាពិភពលោកនៅក្នុងសេណារីយោនេះ មិនគួរឱ្យព្រួយបារម្ភឡើយ ព្រោះថា រុស្ស៊ី បច្ចុប្បន្នត្រូវបានដាក់ឱ្យនៅឯកោផ្នែកហិរញ្ញវត្ថុស្រាប់ហើយ» លេខាសារព័ត៌មានរបស់ សេតវិមាន Karine Jean-Pierre ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៦ ឧសភា។
លោកស្រីឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅតែតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍ និងរក្សាការពិភាក្សាជាមួយសហគមន៍ហិរញ្ញវត្ថុអន្តរជាតិ។
រដ្ឋាភិបាលអាម៉េរិក កាលពីថ្ងៃទី ២៥ ឧសភា ប្រកាសថា មិនបន្តសុពលភាពនៃបទបញ្ជាបន្ធូរបន្ថយទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើ រុស្ស៊ី ដែលបានអនុញ្ញាតឱ្យប្រទេសនេះទូទាត់សងបំណុលដល់ម្ចាស់បំណុលនៅ សហរដ្ឋអាម៉េរិក ដែលបានទិញមូលបត្របំណុលរបស់ រដ្ឋាភិបាលរុស្ស៊ី។ ការសម្រេចចិត្តផ្អាកការដាក់ទណ្ឌកម្មមុននោះ បានអស់សុពលភាពកាលពីថ្ងៃទី ២៥ ឧសភា ធ្វើឱ្យ រុស្ស៊ី មិនអាចបន្តការទូទាត់បំណុល និងការប្រាក់ដែលដល់ថ្ងៃកំណត់ត្រូវសង ដោយសារ អាម៉េរិក រាំងខ្ទប់ការទូទាត់អន្តរជាតិចំពោះ រុស្ស៊ី។
សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បាន និងកំពុងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុសំដៅលើ រុស្ស៊ី ចាប់ពីខែកុម្ភៈ បន្ទាប់ពី ប្រធានាធិបតី ពូទីន បានបើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន។ ទណ្ឌកម្មសំខាន់ៗដែល រុស្ស៊ី កំពុងទទួលរង មានដូចជា ការសម្រេចលុប រុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT, ការរាំងខ្ទប់ធនាគារជាតិរុស្ស៊ី មិនឱ្យចូលប្រើប្រាស់ទុនបម្រុងផ្នែករូបិយប័ណ្ណអន្តរជាតិនៅបរទេស និងហាមមិនឱ្យធ្វើការជាមួយបណ្ដាធនាគារនៅ សហរដ្ឋអាម៉េរិក រួមនឹងប្រទេសមួយចំនួនផ្សេងទៀត។