លោក ពូទីន សម្រេចចិត្តដំឡើងប្រាក់បៀវត្សយ៉ាងតិច ១០% ជូនពលរដ្ឋរបស់ខ្លួនដើម្បីទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃ ព្រមទាំងបានសារភាពថាសេដ្ឋកិច្ចជួបការលំបាកនៅក្នុងឆ្នាំនេះ។
«យើងបានពិភាក្សាបញ្ហានេះជាមួយនឹងរដ្ឋាភិបាលក្នុងរយៈពេលយូរមកហើយ ចុងក្រោយដំណោះស្រាយមួយត្រូវបានលើកឡើងបន្ទាប់ពីមានរឿងចម្រូងចម្រាសច្រើន» ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងកាលពីថ្ងៃទី ២៥ ឧសភា ស្ដីពីការដំឡើងប្រាក់ខែចូលនិវត្តន៍ និងប្រាក់បៀវត្សអប្បបរមានៅប្រទេសនេះ ដើម្បីទប់ទល់នឹងអតិផរណាដែលកើនឡើងខ្ពស់ និងទណ្ឌកម្មរបស់លោកខាងលិច។
«ចាប់ពីថ្ងៃទី ១ កក្កដា ប្រាក់បៀវត្សអប្បបរមានឹងកើន ១០% ឡើងដល់ ១៥,២៧៩ រូប្ល/ខែ (ប្រហែល ២៥៧ ដុល្លារអាម៉េរិក)» ប្រធានាធិបតី ពូទីន ថ្លែងដូច្នេះ។
លោក ពូទីន បានព្យាករថា អតិផរណានៅ រុស្ស៊ី មិនលើសពី ១៥% ឡើយនៅក្នុងឆ្នាំនេះ និងបានសារភាពថា ឆ្នាំ ២០២២ គឺជាឆ្នាំលំបាកចំពោះសេដ្ឋកិច្ចប្រទេសនេះ។ ក៏ប៉ុន្តែ បុរសខ្លាំងរូបនេះបញ្ជាក់ថា បញ្ហានេះមិនជាប់ទាក់ទិននឹងយុទ្ធនាការយោធាពិសេសរបស់ខ្លួននៅ អ៊ុយក្រែន ឡើយ។