(សេណេហ្គាល់)-ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងលិច សេណេហ្គាល់ បានឱ្យដឹងថា ទារកចំនួន ១១ នាក់ បានស្លាប់នៅក្នុងករណីឆេះមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Tivaouane ភាគខាងលិចនៃ ប្រទេសនេះ។
«ខ្ញុំមានការឈឺចាប់ និងរន្ធត់ណាស់នៅពេលបានដឹងថា ទារកចំនួន ១១ នាក់បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនៅមន្ទីរសម្ភពនៃមន្ទីរពេទ្យរដ្ឋនៅ Tivaouane» ប្រធានាធិបតីសេណេហ្គាល់ Macky Sall បង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី ២៥ ឧសភា។ «ខ្ញុំសូមសម្ដែងការសោកស្ដាយ អាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះឪពុកម្ដាយ និងគ្រួសារទារកទាំងនោះ»។
យោងតាមអ្នកនយោបាយ Diop Sy ឧបទ្ទវហេតុដែលកើតឡើងនៅក្នុងមន្ទីរពេទ្យ Mame Abdou Aziz Sy Dabakh នេះ គឺបណ្ដាលមកពីបញ្ហាចរន្តអគ្គិសនី ហើយថា អណ្ដាតភ្លើងឆាបឆេះយ៉ាងលឿន។
ចំណែកអភិបាលក្រុង លោក Demba Diop ឱ្យដឹងថា «ទារកចំនួន ៣ នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល»។