(សហរដ្ឋអាម៉េរិក)-មនុស្ស ២១ នាក់បានស្លាប់ នៅក្នុងករណីបាញ់រះមួយដែលត្រូវបានគេចាត់ទុកថាជា «សោកនាដកម្មដ៏រន្ធត់» នៅឯសាលាបឋមសិក្សាមួយក្នុងរដ្ឋ Texas។
ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះថា Salvador Ramos ជាពលរដ្ឋអាម៉េរិក អាយុ ១៨ ឆ្នាំ។ ជននេះត្រូវបានគេជឿថា បានបាញ់សម្លាប់ជីដូនរបស់ខ្លួន មុននឹងបាញ់រះនៅឯសាលា Robb កាលពីវេលាថ្ងៃត្រង់នៃថ្ងៃទី ២៤ ឧសភា បណ្ដាលឱ្យក្មេងយ៉ាងតិច ១៨ នាក់ និងមនុស្សពេញវ័យ ៣ នាក់ ត្រូវបាត់បង់ជីវិត។
ការស្រាវជ្រាវបឋមបង្ហាញថា ជនដៃដល់បានធ្វើសកម្មភាពតែម្នាក់ឯង ដោយមិនមានការចូលរួមពីជនដទៃ។ ការិយាល័យគ្រប់គ្រងសាលានៃតំបន់ Uvalde ឱ្យដឹងថា បានលុបចោលសកម្មភាពនានាបន្ទាប់ពីករណីបាញ់រះនេះបានកើតឡើង។
ជនដៃដល់ត្រូវបានគេជឿថា ត្រូវក្រុមប្រតិកម្មបន្ទាន់បាញ់សម្លាប់។ ក្នុងការធ្វើអន្តរាគមន៍នេះ មានមន្ត្រី ២ រូបត្រូវគ្រាប់កាំភ្លើង ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរ។
នេះគឺជាករណីបាញ់រះក្នុងសាលារៀនដ៏អាក្រក់បំផុតនៅ សហរដ្ឋអាម៉េរិក រាប់ចាប់ពីករណីវាយប្រហារនៅសាលារៀន Sandy Hook រដ្ឋ Connecticut កាលពីឆ្នាំ ២០១២ បណ្ដាលឱ្យក្មេង ២០ នាក់ និងបុគ្គលិកសិក្សា ៦ នាក់បានបាត់បង់ជីវិត។
នៅ សហរដ្ឋអាម៉េរិក បើទោះជាករណីហិង្សាដោយប្រើប្រាស់កាំភ្លើងបានកើតឡើងញឹកញាប់ ប៉ុន្តែ សំណើស្ដីពីការកែទម្រង់ការគ្រប់គ្រងអាវុធសម្រាប់ពលរដ្ឋ មិនត្រូវបានឯកភាពគ្នាទាំងស្រុងឡើយនៅឯសភាជាតិ ធ្វើឱ្យបណ្ដារដ្ឋ និងក្រុមប្រឹក្សានៅមូលដ្ឋាន ត្រូវចេញបទបញ្ជាដោយឡែក។
កាលពីថ្ងៃទី ២៤ ឧសភា ក្រោយកើតមានករណីបាញ់រះខាងលើ អនុប្រធានាធិបតី និងប្រធានាធិបតីអាម៉េរិក បានថ្លែងជំរុញឱ្យកែប្រែគោលនយោបាយសមស្របដើម្បីធានាថា ករណីស្រដៀងគ្នានេះនឹងមិនកើតឡើងជាថ្មី។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា អំពើបាញ់សម្លាប់មនុស្សនៅ សហរដ្ឋអាម៉េរិក មានចំនួន ១៩,៣៥០ ករណី ក្នុងឆ្នាំ ២០២០ កើនឡើងជិត ៣៥% ធៀបនឹងឆ្នាំ ២០១៩៕
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីករណីបាញ់រះកើតឡើង អភិបាលរដ្ឋ Texas លោក Greg Abbott អធិប្បាយថា នេះគឺជា «សោកនាដកម្មដ៏រន្ធត់ មិនអាចលើកលែងទោសបានឡើយ»។