
ភ្នំភ្លើងក្រោមទឹកសមុទ្រនៅប្រជុំកោះ Solomon ដែលមានរហ័សនាមថា «ភ្នំភ្លើងត្រីឆ្លាម» (ដោយសារតែមានត្រីឆ្លាត ២ ប្រភេទ រស់នៅលើតំបន់មាត់ភ្នំភ្លើងក្រោមទឹកនេះ) ជិតផ្ទុះនៅឯមហាសមុទ្រប៉ាស៊ីហ្វិក។
រូបភាពពីផ្កាយរណបកាលពីថ្ងៃទី ១៤ ឧសភា បានបង្ហាញថា មានផ្សែងមួយដុំយ៉ាងធំដែលបានធ្វើឱ្យទឹកសមុទ្រឡើងល្អក់ បាញ់ចេញពីភ្នំភ្លើង Kavachi មានចម្ងាយពីកោះ Vangunu ប្រហែល ២៤ គីឡូម៉ែត្រ ទៅទិសខាងត្បូង។ យោងតាមកម្មវិធីសិក្សាអំពីភ្នំភ្លើង Smithsonian ភ្នំភ្លើងនេះឈានចូលដល់ដំណាក់កាលត្រៀមផ្ទុះតាំងពីខែតុលា ២០២១។ ទិន្នន័យពីផ្កាយរណបនាពេលថ្មីៗនេះ បានបង្ហើបឱ្យឃើញអំពីសកម្មភាពក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃខែមេសា និងឧសភា ២០២២។
ណាសា បានឱ្យដឹងថា ការស្រាវជ្រាវកន្លងមកបញ្ជាក់ថា ដុំពពកផ្សែងភ្នំភ្លើងក្រោមទឹក មានផ្ទុកអាស៊ីតក្ដៅ ធូលីទន់ បំណែកថ្មភ្នំភ្លើង និងស្ពាន់ធ័រក្នុងបរិមាណយ៉ាងច្រើន។


Kavachi (ឬ Rejo te Kvachi) គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងក្រោមទឹកដែលធ្វើសកម្មភាពខ្លាំងក្លាបំផុតនៅ មហាសមុទ្រប៉ាស៊ីហ្វិក។ របាយការណ៍ដំបូងស្ដីពីភ្នំភ្លើងនេះគឺនៅឆ្នាំ ១៩៣។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មានករណីផ្ទុះយ៉ាងតិច ១១ លើកធំៗ ក្នុងនោះក៏មានករណីនៅឆ្នាំ ១៩៧៦ និង ១៩៩១ ដែលខ្លាំងក្លារហូតដល់បង្កើតបានជាកោះទៀតផង។ ប៉ុន្តែ កោះនេះមិនអាចស្ថិតនៅបានយូរឡើយ ដោយសារតែរលកទឹកសមុទ្រ។
https://www.youtube.com/watch?v=FClaSBUWx80
កំពូលភ្នំភ្លើង Kavachi បច្ចុប្បន្នត្រូវបានគេគណនាឃើញថា ស្ថិតនៅជម្រៅ ២០ ម៉ែត្រ ក្រោមទឹកសមុទ្រ។ ជើងភ្នំភ្លើងនេះ ស្ថិតនៅឯបាតសមុទ្រ ជម្រៅ ១.២ គីឡូម៉ែត្រ។ ករណីផ្ទុះជាញឹកញាប់នៅក្រោមទឹក ពេលខ្លះ បានជះកម្អែឡើងផុតពីទឹក បង្កើតបានជាពពកផ្សែង ផេះ និងបំណែកថ្មភ្នំភ្លើងជាច្រើនហោះចេញពីផ្ទៃសមុទ្រ៕
