អាជ្ញាធរអ៊ុយក្រែន ចាប់ផ្ដើមរឹតបន្តឹងការគ្រប់គ្រង ហាមប្រជាជនស៊ីវិលចូលទៅកាន់តំបន់ព្រំដែនជាប់នឹង បេឡារុស ក្នុងគ្រាដែលភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើងខ្ពស់។
«នៅក្នុងតំបន់ព្រំដែននៅ Kiev, Zhitomir និង Rovno ការរឹតបន្តឹងកំពុងត្រូវបានអនុវត្ត។ ជនស៊ីវិលត្រូវបានហាមផ្លាស់ទីក្នុងរង្វង់ ១ គីឡូម៉ែត្រ តាមបណ្ដោយបន្ទាត់ព្រំដែន លើកលែងតែប្រជាជននៅមូលដ្ឋាន» ក្រុមមន្ត្រីតំបន់ Rovno ភាគខាងជើងអ៊ុយក្រែន ប្រកាសលើ Facebook កាលពីថ្ងៃទី ២៣ ឧសភា។
អាជ្ញាធរក្នុងតំបន់ក៏បានអនុវត្តបម្រាមគោចរ ដោយហាមមនុស្ស និងមធ្យោបាយធ្វើដំណើរផ្លាស់ទីខាងក្រៅតំបន់របស់ប្រជាជននៅមូលដ្ឋាន ចាប់ពីម៉ោង ២២ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ។ ពលរដ្ឋក្នុងតំបន់ក៏ត្រូវបានហាមប្រើប្រាស់កាមេរ៉ា ក៏ដូចជាការស្លៀកឈុតទាហាន ការដើរបរបាញ់សត្វព្រៃ និងការនេសាទត្រីជាដើម។
ក្រុមមន្ត្រីអ៊ុយក្រែន បញ្ជាក់ថា បម្រាមគោចរខាងលើនេះនឹងមានសុពលភាពរហូតដល់ពេល អ៊ុយក្រែន បញ្ចប់បទបញ្ជាប្រើច្បាប់អាជ្ញាសឹក។