អាចម៍មួយដុំដែលមានទំហំធំជាង ៤ ដង ធៀបនឹងអគារ Empire State នៅ សហរដ្ឋអាម៉េរិក កំពុងតែហោះតម្រង់មកកាន់ផែនដី ក្នុងល្បឿន ៧៦,០០០ គីឡូម៉ែត្រ/ម៉ោង។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវវត្ថុអវកាសក្បែរផែនដី អាចម៍ផ្កាយដែលមានឈ្មោះថា ១៩៨៩ JA កំពុងហោះឆ្ពោះមកមកកាន់ផែនដី ក្នុងគម្លាតប្រហែល ៤ លានគីឡូម៉ែត្រ ជិតស្មើនឹង ១០ ដង នៃរយៈចម្ងាយធម្យមរវាងផែនដី និងព្រះចន្ទ។
ដុំថ្មអវកាសដែលមានអង្កត់ផ្ចិត ១.៨ គីឡូម៉ែត្រនេះ គោចរក្នុងល្បឿន ៧៦,០០០ គូឡូម៉ែត្រ/ម៉ោង លឿនជាង ២០ ដង ធៀបនឹងគ្រាប់កាំភ្លើងដែលកំពុងបង្កើនល្បឿន។ ១៩៨៩ JA អាចបង្កមហន្តរាយធំធេងចំពោះផែនដី បើសិនមានការប៉ះទង្គិច។
តាមការគណនា អាចម៍ផ្កាយមួយដុំនេះមានទំហំធំជាង ៤ ដង ធៀបនឹងអគារ Empire State នៅ New York សហរដ្ឋអាម៉េរិក។ Empire State គឺជាអគារដែលមាន ១០២ ជាន់ និងកម្ពស់សរុប ៣៨១ ម៉ែត្រ ហើយបើគិតទាំងអង់តែនទៀត វាមានកម្ពស់ ៤៤២ ម៉ែត្រ។
អាចម៍ផ្កាយ ១៩៨៩ JA នឹងហោះចូលមកជិតផែនដីបំផុតនៅថ្ងៃទី ២៧ ឧសភា ២០២២។ ទីភ្នាក់ងារអវកាសអាម៉េរិក ណាសា (NASA) ឱ្យដឹងថា ១៩៨៩ JA ត្រូវបានចាត់ចូលក្នុង «ក្រុមវត្ថុអវកាសដែលអាចបង្កហានិភ័យ» និងជាអាចម៍ផ្កាយធំជាងគេបង្អស់ដែលនឹងហោះមកជិតផែនដីនៅក្នុងឆ្នាំនេះ។
យ៉ាងណាក៏ដោយ ណាសា ឱ្យដឹងថា អាចម៍ផ្កាយនេះនឹងហោះកាត់ក្បែរផែនដីដោយសុវត្ថិភាព ប៉ុន្តែនឹងគោចរមកជិតផែនដីម្ដងទៀតនៅខែមិថុនា ២០៥៥។