មន្ត្រីរុស្ស៊ី យល់ថា កំពូលមីស៊ីល Sarmat មានកម្លាំងខ្លាំងគ្រប់គ្រាន់ អាចកម្ទេចតំបន់ដែលមានទំហំធំនៃបណ្ដាប្រទេសជាសត្រូវរបស់ ទីក្រុងមូស្គូ។
«មីស៊ីលផ្លោងអន្តរទ្វីប (ICBM) Sarmat មានកម្លាំងខ្លាំងគ្រប់គ្រាន់ដើម្បីកម្ទេចទឹកដីពាក់កណ្ដាលនៃឆ្នេរសមុទ្ររបស់ទ្វីបដែលជាសត្រូវរបស់យើងខ្ញុំ» អគ្គនាយកក្រុមហ៊ុនអវកាសចរណ៍ជាតិរុស្ស៊ី (Roscosmos) លោក Dmitry Rogozin កាលពីម្សិលមិញបាននិយាយដូច្នេះ។ ក៏ប៉ុន្តែ លោកមិនបាននិយាយច្បាស់ថា «ទ្វីបជាសត្រូវ» នេះស្ថិតនៅទីណានោះឡើយ។
ការថ្លែងរបស់លោក Rogozin ត្រូវបានធ្វើឡើងមួយខែបន្ទាប់ពី រុស្ស៊ី បានបាញ់សាកល្បងជាលើកដំបូងនូវកំណែពេញលេញនៃមីស៊ីលអន្តរទ្វីប Sarmat ពីព្រលានអវកាស Plesetsk នៅភាគខាងជើងប្រទេស។ កាលណោះ ប្រធានាធិបតី ពូទីន ក៏បានអះអាងថា មីស៊ីល Sarmat អាចបាញ់ចាំគ្រប់គោលដៅទាំងអស់នៅលើផែនដី។
កាលពីខែកន្លង មន្ត្រីរុស្ស៊ី បានឱ្យដឹងថា គ្រាប់មីស៊ីល Sarmat ដំបូងៗគ្រោងនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងអង្គភាពមួយនៅខេត្ត Krasnoyarsk ដែលមានចម្ងាយពី មូស្គូ ប្រហែល ៣,០០០ គីឡូម៉ែត្រ ទៅទិសខាងត្បូង ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំនេះ។