កប៉ាល់ Zhu Hai Yun អាចនាំយកយានយន្ត និងឧបករណ៍ស្រាវជ្រាវជាច្រើនដើម្បីប្រមូលទិន្នន័យក្នុងបេសកកម្មរយៈពេលយូរនៅលើសមុទ្រ។
កាលពីថ្ងៃទី ១៨ ឧសភា ប្រទេសចិន បានបង្ហាញកប៉ាល់មេស្រាវជ្រាវគ្មានមនុស្សបើកបរដំបូង នៅទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូងប្រទេសនេះ។ កប៉ាល់ដែលមានឈ្មោះថា Zhu Hai Yun នេះ ត្រូវបានផលិតឡើងដើម្បីស្រាវជ្រាវសមុទ្រ។
Zhu Hai Yun អាចត្រូវបានបញ្ជាពីចម្ងាយ ឬដំណើរការស្វ័យប្រវត្តនៅក្នុងតំបន់លម្ហសមុទ្រ។ ដំបូលកប៉ាល់មានទំហំធំទូលាយអាចផ្ទុកយានយន្ត និងឧបករណ៍ស្រាវជ្រាវគ្មានមនុស្សបើកបរជាច្រើនប្រភេទដូចជា យន្តហោះដ្រោន ទូកស្វ័យប្រវត្ត និងនាវាមុជទឹកសមុទ្រជ្រៅជាដើម។
ដោយសារត្រូវបានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្ត និងបញ្ញាសិប្បនិម្មិត កប៉ាល់មេនេះអាចដំណើរការរយៈពេលយូរនៅលើសមុទ្រដើម្បីប្រមូលទិន្នន័យ។
ប្រព័ន្ធថាមពល ប្រព័ន្ធរុញច្រាន ប្រព័ន្ធឆ្លាតវៃ និងប្រព័ន្ធជំនួយសកម្មភាពស្រាវជ្រាវរបស់កប៉ាល់នេះ សុទ្ធតែត្រូវបានអភិវឌ្ឍនៅ ប្រទេសចិន ដោយប្រើប្រាស់បច្ចេកវិទ្យាស្នូលដែលអាចកែសម្រួលបាន។
កប៉ាល់ Zhu Hai Yun គ្រោងនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីចុងឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ដំណាក់កាលសាកល្បង៕