ការចំណាយរបស់ រុស្ស៊ី ទៅលើខ្ទង់ការពារជាតិ បានឡើងដល់ ៣០០ លានដុល្លារអាម៉េរិក ជារៀងរាល់ថ្ងៃ ក្នុងគ្រាប្រទេសនេះធ្វើយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Moscow Times កាលពីថ្ងៃទី ១៩ ឧសភា ដកស្រង់ឯកសាររបស់ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ឱ្យដឹងថា ប្រទេសនេះបានចំណាយអស់ជាង ៣០០ លានដុល្លារ/ថ្ងៃ សម្រាប់វិស័យការពារជាតិនៅក្នុងខែមេសា ២០២២ កើនឡើងទ្វេដងធៀបនឹងដំណាក់កាលមុនសង្គ្រាម។
ថ្វីបើមានការចំណាយខ្ពស់ជាងមុនទ្វេដងលើវិស័យការពារជាតិ ប៉ុន្តែ រុស្ស៊ី មិនដណ្ដើមបានជ័យជម្នះឆាប់រហ័សឡើយ ហើយបានឈានដល់ដំណាក់កាលទីពីរ គឺការផ្ដោតទៅលើការគ្រប់គ្រងតំបន់ភាគខាងកើតរបស់ អ៊ុយក្រែន។
ចំណាយសម្រាប់វិស័យការពារជាតិរបស់ រុស្ស៊ី ក្នុងខែកុម្ភៈ គឺប្រមាណ ៥.៤ ពាន់លានដុល្លារអាម៉េរិក, ខែមីនា ប្រមាណ ៦.៦ ពាន់លានដុល្លារអាម៉េរិក ហើយខែមេសាគឺជាខែដែល រុស្ស៊ី ចាយប្រាក់ច្រើនជាងគេ គឺប្រមាណ ៩.២ ពាន់លានដុល្លារ ដែលតួលេខនេះប្រហាក់ប្រហែលនឹង ៣០៨ លានដុល្លារអាម៉េរិក/ថ្ងៃ។
នៅមុនសង្គ្រាម ពោលគឺនៅក្នុងខែមករា ២០២២ រុស្ស៊ី បានចំណាយអស់ប្រមាណ ៣.៤ ពាន់លានដុល្លារ។ កាលពីខែមេសា ២០២១ ការចំណាយសរុបក្នុងវិស័យការពារជាតិរបស់ រុស្ស៊ី គឺត្រឹមតែជាង ៤.៤ ពាន់លានដុល្លារអាម៉េរិក ប៉ុណ្ណោះ។
គិតចាប់ពីខែមករា ដល់ចុងខែមេសា ឆ្នាំ ២០២២ កញ្ចប់ថវិកាប្រមាណ ២៤.៦ ពាន់លានដុល្លារ ត្រូវបានបែងចែកទៅលើការចំណាយសម្រាប់យោធារបស់ រុស្ស៊ី។ តួលេខនេះខ្ពស់ជាង ៣ ដងធៀបនឹងថវិកាសម្រាប់វិស័យអប់រំ, ខ្ពស់ជាងទ្វេដងធៀបនឹងថវិកាសម្រាប់សុខាភិបាល និងខ្ពស់ជាង ១០ ដង ធៀបនឹងការចំណាយលើវិស័យបរិស្ថាន៕