ទីក្រុងវ៉ាស៊ីងតោន ត្រូវបានគេជឿថា កំពុងពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់វិធីដើម្បីផ្គត់ផ្គង់មីស៊ីលដែលមានកម្លាំងខ្លាំងជាង ទៅឱ្យ ទីក្រុងកៀវ បំណងជួយបំបែកការបិទខ្ទប់បណ្ដាកំពង់ផែនៅឆ្នេរ សមុទ្រខ្មៅ (Black Sea)។
ទូរទស្សន៍ RT (រុស្ស៊ី) ដកស្រង់ប្រភពព័ត៌មាន Reuters ឱ្យដឹងថា អាជ្ញាធររបស់ប្រធានាធិបតី ចូ បៃដិន ត្រូវបានគេជឿថា កំពុងរៀបចំការដឹកជញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងនានាដែលទំនើបជាងមីស៊ីលដែលបានប្រើប្រាស់កន្លងមក ទៅកាន់ អ៊ុយក្រែន ដើម្បីជួយ ទីក្រុងកៀវ បំបែកការបិទខ្ទប់របស់ កងទ័ពរុស្ស៊ី ចំពោះបណ្ដាកំពង់ផែនៅ សមុទ្រខ្មៅ។
ប្រភេទមីស៊ីលដែលស្ថិតក្នុងបញ្ជីខាងលើរួមមាន Harpoon ផលិតដោយ Boeing និង Naval Strike ផលិតដោយ Kongsberg និង Raytheon Technologies នេះបើតាម Reuters ដកស្រង់ប្រភពព័ត៌មានពីមន្ត្រី និងសមាជិកសភាអាម៉េរិក ដែលសុំមិនបញ្ចេញឈ្មោះ។ ការពិភាក្សាកំពុងកើតឡើងយ៉ាងផុសផុលស្ដីពីការប្រគល់មីស៊ីលឱ្យ ទីក្រុងកៀវ ដោយផ្ទាល់ ឬតាមរយៈសម្ព័ន្ធមិត្តណាមួយនៅ អឺរ៉ុប។
ការបំបែកកម្លាំងបិទខ្ទប់របស់ រុស្ស៊ី នៅ Odessa និងបណ្ដាកំពង់ផែមួយចំនួនផ្សេងទៀតនៅ សមុទ្រខ្មៅ អាចអនុញ្ញាតឱ្យ អ៊ុយក្រែន អាចនាំចេញស្រូវសាលី និងទំនិញផ្សេងៗរបស់ប្រទេសនេះ ទៅកាន់បរទេស។
ក៏ប៉ុន្តែ ភាគីខាង រុស្ស៊ី ព្រមានថា ការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅឱ្យ អ៊ុយក្រែន គឺជា «ការចាក់ប្រេងលើភ្លើង» ហើយអាចបញ្ឆេះសង្គ្រោះទ្រង់ទ្រាយធំជាងបច្ចុប្បន្ន៕