វិទ្យាស្ថានស្រាវជ្រាវនៃ កោះតៃវ៉ាន់ ដំណើរការសាកល្បងយន្តហោះគ្មានមនុស្សបើក (UAV) ជំនាន់ថ្មី ដោយយកលំនាំតាមគំរូយន្តហោះដែលអាចបំពាក់មីស៊ីលបាញ់ពីអាកាសមកដី។
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan (National Chung-Shan Institute of Science and Technology) ដែលជាស្ថាប័នអភិវឌ្ឍអាវុធកំពូលរបស់ កោះតៃវ៉ាន់ ក្នុងរយៈពេល ២ សប្ដាហ៍កន្លង បានសាកល្បងលើសមត្ថភាពហោះហើររយៈចម្ងាយមធ្យម និងឆ្ងាយរបស់យន្តហោះគ្មានមនុស្សបើក Dang Van ។
«ការសាកល្បងនេះគឺដើម្បីពិនិត្យមើលថាតើ UAV ជំនាន់ទី ២ អាចហោះបានឆ្ងាយកម្រិតណា និងដំណើរការបានយូរប៉ុនណា» ប្រភពព័ត៌មានមួយដែលស្និទ្ធនឹងក្រុមការងារសាកល្បង UAV ខាងលើ កាលពីថ្ងៃទី ១៧ ឧសភា បានឱ្យដឹងដូច្នេះ។
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan គ្រោងនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់សាកល្បង UAV Dang Van ២ នៅក្នុងខែមិថុនាខាងមុខ និងសង្ឃឹមថា អាចបង្កើតក្រុមប្រយុទ្ធរួមជាមួយនឹងយន្តហោះ MQ-៩B Sea Guardians ដែលផលិតដោយ សហរដ្ឋអាម៉េរិក។