ក្រសួងការពារជាតិរុស្ស៊ី ឱ្យដឹងថា ទាហានអ៊ុយក្រែន ៩៥៩ នាក់ នៅក្នុងរោងចក្រដែកថែប Azovstal បានដាក់អាវុធចុះចាញ់ បន្ទាប់ពី អ៊ុយក្រែន ប្រកាសបញ្ចប់ភារកិច្ចប្រយុទ្ធនៅ Mariupol។
«ក្នុង ២៤ ម៉ោងកន្លង ទាហាន ៦៩៤ នាក់ បានចុះចាញ់ ក្នុងនោះមាន ២៩ នាក់រងរបួស។ ជាសរុប ចាប់ពីថ្ងៃទី ១៦ ខែឧសភា មានទាហាន ៩៥៩ នាក់ បានទម្លាក់អាវុធ ក្នុងនោះមាន ៨០ នាក់រងរបួស និង ៥១ នាក់បានចូលពេទ្យ» ក្រសួងការពារជាតិរុស្ស៊ី ថ្ងៃនេះបានឱ្យដឹងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្ដីពីយុទ្ធនាការយោធានៅ អ៊ុយក្រែន។
ក្រៅពីនេះ ក្រសួងខាងលើក៏បានបញ្ជាក់ថា ពួកគេបានសម្លាប់ទាហានអ៊ុយក្រែន ២៧០ នាក់, កម្ទេចឧបករណ៍យោធាចំនួន ៥៤ គ្រឿង, បាញ់ទម្លាក់យន្តហោះ ២ គ្រឿង និងយន្តហោះគ្មានមនុស្សបើក ១៥ គ្រឿង កាលពីយប់មិញ។
កាលពីថ្ងៃទី ១៧ ឧសភា កងទ័ពអ៊ុយក្រែន បានចេញបញ្ជាឱ្យទាហានទាំងឡាយរបស់ខ្លួនដែលកំពុងជាប់ដៃប្រយុទ្ធនៅឯរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol លើកទង់សចុះចាញ់ ដើម្បីការពារអាយុជីវិត។
ក្នុងសេចក្ដីប្រកាសមួយ កងទ័ពអ៊ុយក្រែន លើកឡើងថា «កងកម្លាំងនៅ Mariupol បានសម្រេចភារកិច្ចប្រយុទ្ធដែលពួកគេបានទទួល…អគ្គបញ្ជារដ្ឋានកងទ័ពបានចេញបញ្ជាឱ្យមេបញ្ជាការនៃអង្គភាពទាំងឡាយដែលឈរជើងនៅ Azovstal ត្រូវរក្សាអាយុជីវិតរបស់សមាជិក»៕