ក្រុមអ្នកស៊ើបអង្កេតអាម៉េរិក ជឿថា អ្នកណាម្នាក់នៅលើយន្តហោះរបស់ China Eastern មានចេតនាបញ្ជាឱ្យយន្តហោះដាំក្បាលទៅបុកនឹងភ្នំ នេះបើតាមសារព័ត៌មានអាម៉េរិក។
«យន្តហោះបានធ្វើតាមអ្វីដែលអ្នកណាម្នាក់នៅក្នុងបន្ទប់បើកបរបញ្ជា» សារព័ត៌មាន Wall Street Journal ដកស្រង់ប្រភពព័ត៌មានដែលដឹងហេតុការណ៍ស្ដីពីការវាយតម្លៃបឋមរបស់ ក្រុមមន្ត្រីអាម៉េរិក ចំពោះសោកនាដកម្មអាកាសចរណ៍នៅ ប្រទេសចិន កាលពីខែមីនា ឱ្យដឹងដូច្នេះ។
យន្តហោះ Boeing ៧៣៧-៨០០ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern កំពុងហោះហើរពី Kunming ទៅកាន់ Guangzhou កាលពីថ្ងៃទី ២១ មីនា ក៏ស្រាប់តែធ្លាក់ដាំក្បាលចុះ និងបុកលើភ្នំនៃទីក្រុង Wuzhou បណ្ដាលឱ្យអ្នកដំណើរ និងសមាជិកក្រុមហោះហើរសរុប ១៣២ នាក់ បាត់បង់ជីវិត។ ប្រអប់ខ្មៅរបស់យន្តហោះ ត្រូវបានបញ្ជូនទៅកាន់ សហរដ្ឋអាម៉េរិក ដើម្បីវិភាគ។
ក្រុមមន្ត្រីអាម៉េរិក ដែលចូលរួមការស៊ើបអង្កេតខាងលើ បានផ្ដោតទៅលើលទ្ធភាពអ្នកបើកបរយន្តហោះ ឬអ្នកណាម្នាក់នៅលើយន្តហោះ បានសម្រុកចូលក្នុងបន្ទប់បើកបរ និងបង្កឱ្យមានគ្រោះថ្នាក់។ ក្រុមមន្ត្រីជឿជាក់ថា ការសន្និដ្ឋានរបស់ពួកគេគឺសមហេតុផល ព្រោះថា ជាក់ស្ដែង ក្រុមមន្ត្រីស៊ើបអង្កេតចិន មកដល់បច្ចុប្បន្ន មិនបានរកឃើញបញ្ហាណាមួយកើតឡើងចំពោះយន្តហោះ ឬប្រព័ន្ធបញ្ជាជើងហោះហើរអាចបង្កគ្រោះថ្នាក់ និងត្រូវការដំណោះស្រាយនោះទេ។
អាជ្ញាធរចិន មិនទាន់បញ្ចេញប្រតិកម្មអ្វីទៅនឹងការចុះផ្សាយព័ត៌មានខាងលើនៅឡើយ។
យន្តហោះ Boeing ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដឹកអ្នកដំណើរ ១៣២ នាក់ និងបុគ្គលិក ៩ នាក់ បានធ្លាក់ទៅលើខ្នងភ្នំមួយនៃទីក្រុង Wuzhou ក្នុងតំបន់ស្វយ័តជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ២១ មីនា ២០២២។