នៅក្នុងសន្និសីទសារព័ត៌មានមួយ នាយករដ្ឋមន្ត្រីរបស់ ហ្វាំងឡង់ (Finland) ប្រកាសថា ទីក្រុង ស្តុកខុល (Stockholm) និង ហែលស៊ីនគី (Helsinki) នឹងដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) ក្នុងថ្ងៃនេះ។
«ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះថា យើងបានដើរលើផ្លូវជាមួយគ្នា ហើយអាចធ្វើរឿងនេះជាមួយគ្នា» នាយករដ្ឋមន្ត្រីនៃ ប្រទេសស៊ុយអែត (Sweden) Magdalena Andersson ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅ ទីក្រុងស្តុកខុល កាលពីម្សិលមិញ។
ប្រកាសរបស់លោកស្រី Andersson ត្រូវលើកឡើងភ្លាមៗបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសស៊ុយអែត Ann Linde បានចុះហត្ថលេខាលើលិខិតស្នើសុំចូលជាសមាជិកអង្គកាណាតូ ជាផ្លូវការ។
ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto អះអាងថា ប្រជាធិបតេយ្យបានទទួលជ័យជម្នះ ដែលនេះចង់សំដៅលើសំឡេងឆ្នោតគាំទ្រនៅសភា ចំពោះសេចក្ដីសម្រេចសុំចូលជាសមាជិកណាតូ ក៏ដូចជាការគាំទ្រពីសំណាក់ប្រជាជនហ្វាំងឡង់។ ការបោះឆ្នោតនៅសភារបស់ប្រទេសនេះ ទទួលបានសំឡេងគាំទ្រ ១៨៨ សំឡេង និងប្រឆាំង ៨ សំឡេង។
ថ្វីបើមានការផ្ដល់ «ភ្លើងខៀវ» ជាច្រើនពីបណ្ដាប្រទេសជាសមាជិកណាតូ ប៉ុន្តែ សំណើរបស់ ហ្វាំងឡង់ និង ស៊ុយអែត អាចនឹងជួបឧបសគ្គ ដោយសារតែការជំទាស់របស់ តួកគី (Turkey)។ ទីក្រុងអង់ការ៉ា អះអាងថា មិនទទួលយកការពង្រីកខ្លួនរបស់ ណាតូ ដោយចោទ ទីក្រុងស្តុកខុល និង ហែលស៊ីនគីថា មិនធ្វើសកម្មភាពប្រឆាំងនឹងជនជាតិឃឺដ (Kurd) ដែលជាក្រុមត្រូវបាន តួកគី ចាត់ទុកថាជាភេរវករ៕