ថ្ងៃទី ១៧ ឧសភា នេះ កងទ័ពអ៊ុយក្រែន បានចេញបញ្ជាឱ្យទាហានទាំងឡាយរបស់ខ្លួនដែលកំពុងជាប់ដៃប្រយុទ្ធនៅឯរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol លើកទង់សចុះចាញ់ ដើម្បីការពារអាយុជីវិត។
យោងតាម RT (រុស្ស៊ី) អាជ្ញាធរទីក្រុងកៀវ ប្រកាសថា អង្គភាពនានាបាន «សម្រេចភារកិច្ចប្រយុទ្ធដែលបានប្រគល់»។
អគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន បានបញ្ជាក់នៅលើបណ្ដាញសង្គមថា ទាហានរបស់ខ្លួនដែលកំពុងលាក់ខ្លួនក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ទទួលបានបញ្ជាឱ្យចុះចាញ់។
ក្នុងសេចក្ដីប្រកាសមួយ កងទ័ពអ៊ុយក្រែន លើកឡើងថា «កងកម្លាំងនៅ Mariupol បានសម្រេចភារកិច្ចប្រយុទ្ធដែលពួកគេបានទទួល…អគ្គបញ្ជារដ្ឋានកងទ័ពបានចេញបញ្ជាឱ្យមេបញ្ជាការនៃអង្គភាពទាំងឡាយដែលឈរជើងនៅ Azovstal ត្រូវរក្សាអាយុជីវិតរបស់សមាជិក»។
RT (រុស្ស៊ី) ឱ្យដឹងថា ការចុះចាញ់ដំបូងត្រូវបានធ្វើឡើងរួចរាល់កាលពីថ្ងៃទី ១៦ ឧសភា នៅពេលទាហានរបស់ អ៊ុយក្រែន ចំនួន ២៦៤ នាក់ បានចាកចេញពី Azovstal។ បច្ចុប្បន្នមានទាហានរងរបួស ៥៣ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៅ Novoazovsk និង ២១១ នាក់នៅ Yelenovka ដែលទាំងនេះស្ថិតក្នុងតំបន់ Donetsk។
យោងតាមប្រភពព័ត៌មានរបស់ រុស្ស៊ី តំបន់រោងចក្រ Azovstal មានមនុស្សចំនួនប្រហែល ២,២០០ នាក់ បានជាប់គាំងនៅក្នុងបន្ទប់ក្រោមដីនានា។ ទីតាំងនេះមានទំហំ ១១ គីឡូម៉ែត្រក្រឡា ហើយផ្នែកដែលនៅក្រោមដីត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងការវាយប្រហារដោយអាវុធនុយក្លេអែរ។