ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានតែងតាំងរដ្ឋមន្ត្រីក្រសួងពលកម្ម Borne ជានាយករដ្ឋមន្ត្រីរបស់ បារាំង ដែលនេះគឺជាស្ត្រីដំបូងគេកាន់តំណែងនេះក្រោយរយៈពេលជាង ៣០ ឆ្នាំកន្លង។
វិមានអេលីសេ កាលពីថ្ងៃទី ១៦ ឧសភា បានប្រកាសថា លោកស្រី Elisabeth Borne ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំង ជំនួសលោក Jean Castex ដែលបានដាក់ពាក្យសុំលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។ លោកស្រី Borne បានទៅកាន់ភូមិគ្រឹះ Matignon របស់ នាយករដ្ឋមន្ត្រីបារាំង នៅ ប៉ារីស ដើម្បីទទួលភារកិច្ច។
ស្ត្រីជានាយករដ្ឋមន្ត្រីដំបូងគេរបស់ បារាំង គឺលោកស្រី Edith Cresson ដែលបានចូលកាន់តំណែងចាប់ពីខែឧសភា ឆ្នាំ ១៩៩១ ដល់ខែមេសា ឆ្នាំ ១៩៩២ ក្នុងសម័យលោកប្រធានាធិបតី Francois Mitterrand។
លោកស្រី Borne អាយុ ៦១ ឆ្នាំ ត្រូវបានវាយតម្លៃថាជាមនុស្សម្នាក់ដែលមានសក្ដានុពល និងអាចចរចាប្រកបដោយប្រសិទ្ធភាពជាមួយក្រុមសហជីពនៅក្នុងពេលប្រធានាធិបតី ម៉ាក្រុង ចាប់ផ្ដើមកែទម្រង់សង្គមថ្មី ក្នុងនោះមានទាំងការបង្កើនអាយុសម្រាប់ការចូលនិវត្តន៍ ដែលជាការសម្រេចចិត្តមួយប្រឈមនឹងហានិភ័យកើតមានបាតុកម្ម។