កងកម្លាំងរបស់ ប្រទេសរុស្ស៊ី ទំនងជាកំពុងតែប្រើប្រាស់កាំភ្លើងត្បាល់ ២S៤ Tyulpan បាញ់គ្រាប់កាំភ្លើងដែលមានប្រព័ន្ធនាំផ្លូវ Smelchak ដើម្បីវាយប្រហារលើរោងចក្រ Azovstal នៅទីក្រុងភាគត្បូង Mriupol របស់ អ៊ុយក្រែន។
គណនី 200_zoka នៅលើបណ្ដាញសង្គម Twitter ដែលមានជំនាញខាងបង្ហោះឯកសារស្ដីពីកងទ័ពរបស់ រុស្ស៊ី ដែលកំពុងចូលរួមធ្វើសង្គ្រាមនៅ អ៊ុយក្រែន កាលពីចុងសប្ដាហ៍កន្លង បានចែករំលែករូបភាពកាំភ្លើងត្បាល់ចល័ត ២S៤ Tyulpan កំពុងតែបាញ់ផ្លោងទៅលើគោលដៅរោងចក្រផលិតដែកថែប Azovstal នៅទីក្រុងភាគខាងត្បូង Mariupol។ ក៏ប៉ុន្តែ ពេលវេលានៃការបាញ់ផ្លោងនេះមិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។
ក្នុងរូបថត គ្រាប់កាំភ្លើងត្បាល់ទើបតែចាកចេញពីកាណុង ២S៤ ដែលត្រូវបានដាក់ពង្រាយនៅលើទីវាលមួយកន្លែង។ ក្រុមអ្នកជំនាញយល់ថា គ្រាប់កាំភ្លើងក្នុងរូបភាពនេះគឺជា ១K១១៣ Smelchak ដែលត្រូវបាននាំផ្លូវដោយពន្លឺឡាស៊ែរ។
ក្រសួងការពារជាតិរុស្ស៊ី មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយចំពោះការលើកឡើងខាងលើ។
២S៤ Tyulpan គឺជាប្រព័ន្ធកាំភ្លើងត្បាល់ចល័តធំបំផុតក្នុងពិភពលោក ដែលត្រូវបានគេឱ្យឈ្មោះថា «មហាទេពនៃសង្គ្រាម» មួយ របស់ សូវៀត ដែលត្រូវបានដាក់ឱ្យប្រើបប្រាស់ក្នុងជួរកងទ័ពក្នុងអំឡុងទសវត្សរ៍ ១៩៧០។