អគ្គលេខាធិការនៃអង្គការណាតូ និយាយថា យុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន កំពុងកើតឡើងមិនទៅតាមការគ្រោងទុក និងយល់ថា ទីក្រុងកៀវ នឹងមានប្រៀបជាង។
«យុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន កើតឡើងមិនដូចទៅនឹងផែនការរបស់ ទីក្រុងមូស្គូ។ ពួកគេមិនអាចគ្រប់គ្រងទីក្រុងកៀវ ពួកគេកំពុងដកថយចេញពី Kharkov ហើយការរុលចូលនៅ Donbass ត្រូវពន្យារពេល។ រុស្ស៊ី មិនអាចសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ» អគ្គលេខាធិការនៃអង្គការណាតូ Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសក្នុងសម្ព័ន្ធយោធានេះ កាលពីថ្ងៃទី ១៥ ឧសភា។
យោងតាមលោក Stoltenberg ប្រធានបទសំខាន់នៃកិច្ចប្រជុំខាងលើគឺ «ការគាំទ្រយ៉ាងខ្លាំងក្លាចំពោះ អ៊ុយក្រែន» ការបង្កើនលទ្ធភាពនៃការកំញើញ និងការការពាររបស់ ណាតូ ក៏ដូចជាផលប៉ះពាល់យូរអង្វែរដែលកើតពីយុទ្ធនាការយោធារបស់ រុស្ស៊ី ក្នុងនោះក៏មានគោលជំហរនាពេលអនាគតរបស់សម្ព័ន្ធយោធាណាតូ ចំពោះ ប្រទេសរុស្ស៊ី ផងដែរ។
លោក Stoltenberg បន្តថា «អ៊ុយក្រែន អាចឈ្នះ។ ជនជាតិអ៊ុយក្រែន កំពុងមានភាពក្លាហានក្នុងការការពារស្រុកកំណើតរបស់ពួកគេ»។ លោកបន្ថែមថា ប្រភពផ្គត់ផ្គង់អាវុធ និងជំនួយពីបណ្ដាប្រទេស កំពុង «ធ្វើឱ្យមានភាពខុសគ្នានៅលើសមរភូមិ» ដូច្នេះសម្ព័ន្ធមិត្តគួរបន្តផ្ដល់ជំនួយដល់ អ៊ុយក្រែន។
ចំណែកភាគីខាង រុស្ស៊ី វិញ បានអះអាងថា កំពុងសម្រេចបានគ្រប់គោលដៅនៅ អ៊ុយក្រែន ហើយថា នឹងមិនប្ដូរផ្លាស់នូវដំណើរការដែលបានកំណត់។ នៅក្នុងកម្មវិធីទូរទស្សន៍ដែលចាក់ផ្សាយកាលពីថ្ងៃទី ១៤ ឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ សហរដ្ឋអាម៉េរិក Anatoly Antonov សង្កត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់ ឬដកថយជាដាច់ខាត»។