ប្រធានធនាគារជាតិអ៊ុយក្រែន បានឱ្យដឹងថា យុទ្ធនាការយោធារបស់ រុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១០០ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ។
«ការខូចខាតផ្នែកសេដ្ឋកិច្ចគឺធំធេងបំផុត» Kyrylo Shevchenko ប្រធានធនាគារជាតិអ៊ុយក្រែន (NBU) បានប្រាប់សារព័ត៌មានជប៉ុន នាថ្ងៃនេះដូច្នេះ។
យោងតាមប្រធានធនាគារខាងលើ រាប់ចាប់ពី រុស្ស៊ី បានបើកយុទ្ធនាការយោធាពិសេសលើ អ៊ុយក្រែន ស្ពាន ផ្លូវថ្នល់ ផ្ទះសំបែង ត្រូវរងការវាយប្រហារមិនឈប់ឈរពីគ្រាប់បែក និងរ៉ុក្កែត បង្កការខូចខាត់ហេដ្ឋារចនាសម្ព័ន្ធស្មើនឹងពាក់កណ្ដាល GDP របស់ អ៊ុយក្រែន។ ក្នុងឆ្នាំ ២០២១ GDP របស់ប្រទេសនេះ មានតម្លៃប្រមាណ ២០០ ពាន់លានដុល្លារអាម៉េរិក។
ប្រធានរបស់ NBU គណនាឃើញថា GDP របស់ អ៊ុយក្រែន «អាចថយចុះយ៉ាងតិច ១/៣ នៅក្នុងឆ្នាំ ២០២២» និងបញ្ជាក់ថា អ៊ុយក្រែន មិនអាចស្ដារប្រទេសឡើងវិញដោយពឹងទៅលើតែប្រភពទុនក្នុងស្រុក។
ចំណែករដ្ឋាភិបាលរបស់លោក ហ្សេឡែនស្គី វិញ បានឱ្យដឹងថា អ៊ុយក្រែន ខាតបង់ប្រហែល ៥ ពាន់លានដុល្លារ/ខែ នៅក្នុងរយៈពេលខ្លី។ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ២៧ មេសា ថ្លែងថា ការខូចខាតសរុបរបស់ អ៊ុយក្រែន ចាប់តាំងពី រុស្ស៊ី បានចូលឈ្លានពាន គឺប្រហែល ៦០០ ពាន់លានដុល្លារអាម៉េរិក។
កាលពីថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ក៏បានព្រមានថា អ៊ុយក្រែន អាចត្រូវរងផលវិបាកក្នុងរយៈពេល ១០០ ឆ្នាំ ដោយសារតែយុទ្ធនាការយោធារបស់ រុស្ស៊ី។