ហេតុការណ៍ផ្ទុះក្នុងឃ្លាំងរំសេវកើតឡើងក្នុងមូលដ្ឋានទ័ពនៅ Khabarovsk នៃតំបន់ចុងបូព៌ារបស់ រុស្ស៊ី បណ្ដាលឱ្យទាហានម្នាក់ស្លាប់ និង ៧ នាក់ទៀត រងរបួស។
ក្រសួងសុខាភិបាលរុស្ស៊ី ថ្ងៃនេះ ឱ្យដឹងថា បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីដឹកទាហាន ២ នាក់ ដែលរលាកខ្លួនធ្ងន់ធ្ងរ ពីមូលដ្ឋានទ័ពក្នុងទីប្រជុំជន Teysin នៃតំបន់ Khabarovsk នៅចុងបូព៌ារបស់ ប្រទេសរុស្ស៊ី។
សារព័ត៌មាន TASS បានឱ្យដឹងថា ក្នុងករណីខាងលើ មានមនុស្សម្នាក់បានស្លាប់ និង ៧ នាក់ទៀតរងរបួស។ ប្រភពព័ត៌មានមួយផ្សេងទៀតឱ្យដឹងថា ករណីផ្ទុះនេះកើតឡើងនៅក្នុងឃ្លាំងរំសេវរបស់មូលដ្ឋានទ័ព ក្នុងពេលកំពុងលើកដាក់គ្រឿងផ្ទុះ។
មូលហេតុពិតប្រាកដនឹងត្រូវបានរកឃើញនៅក្នុងដំណាក់កាលស៊ើបអង្កេត នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍។
តំបន់ Teysin មានចម្ងាយពីទីក្រុង Komsomolsk-on-Amur នៅតំបន់ចុងបូព៌ា ប្រហែល ៨២ គីឡូម៉ែត្រទៅទិសអាគ្នេយ៍។ តំបន់នេះមានចំណត់រថភ្លើងមួយ និងមូលដ្ឋានទ័ពមួយផងដែរ៕