ប្រធានាធិបតី Niinisto ថ្ងៃនេះបានយល់ព្រមឱ្យ ប្រទេសហ្វាំងឡង់ ចូលជាសមាជិករបស់ ណាតូ (NATO) ដែលនេះគឺជាការសម្រេចចិត្តដ៏ធំមួយក្នុងគោលនយោបាយសន្តិសុខរបស់ប្រទេសនេះ។
«ហ្វាំងឡង់ ត្រូវតែដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ ណាតូ ជាបន្ទាន់» ប្រធានាធិបតី Sauli Niinisto និងនាយករដ្ឋមន្ត្រី Sanna Marin ឱ្យដឹងនៅថ្ងៃនេះដូច្នេះ។ ក្រោយពីមានការសម្រេចចិត្តខាងលើ រដ្ឋាភិបាល និងសភាហ្វាំងឡង់ គ្រោងនឹងអនុម័តលើការស្នើសុំនេះ។
នេះគឺជាសេចក្ដីសម្រេចចិត្តដែលត្រូវបានគេព្យាករមុនរួចមកហើយ។ ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ប្រធានាធិបតីហ្វាំងឡង់ បាននិយាយថា «ការចូលជាសមាជិករបស់ ណាតូ គឺមិនប្រឆាំងនឹងនរណាមួយឡើយ» បើទោះជា រុស្ស៊ី ធ្លាប់បានព្រមានថា ទីក្រុងហែលស៊ិនគី (Helsinki) នឹងត្រូវ «រងផលវិបាក» បើសិនរកវិធីក្លាយជាសមាជិករបស់សម្ព័ន្ធយោធានេះ។
ក្រោយពី រុស្ស៊ី លើកទ័ពចូលលុកលុយ អ៊ុយក្រែន ប្រទេសហ្វាំងឡង់ និង ស៊ុយអែត បានសម្រេចចិត្តពិនិត្យលទ្ធភាពចូលជាសមាជិករបស់ ណាតូ ដោយបោះបង់គោលនយោបាយគ្មានសម្ព័ន្ធយោធា ដែលប្រទេសទាំងពីរនេះបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយ។
នៅឯ ប្រទេសស៊ុយអែត ថ្ងៃទី ១៥ ឧសភាខាងមុខ បក្សកាន់អំណាចគ្រោងនឹងធ្វើការពិចារណាថា តើគួរបញ្ចប់និន្នាការប្រឆាំងនឹងការសុំចូលជាសមាជិក ណាតូ ដែលត្រូវបានរក្សារហូតមកដល់បច្ចុប្បន្ន ឬអត់។ ឥរិយាបថនេះត្រូវបានវាយតម្លៃថា ប្រាកដណាស់ថា ស៊ុយអែត នឹងដាក់ពាក្យសុំចូលជាសមាជិករបស់ ណាតូ។
ចំណែកអគ្គលេខាធិការរបស់ ណាតូ Jens Stoltenberg បានឱ្យដឹងថា សម្ព័ន្ធមិត្តយោធានេះអាចអនុញ្ញាតឱ្យ ហ្វាំងឡង់ និង ស៊ុយអែត ចូលជាសមាជិកបានយ៉ាងឆាប់រហ័ស។