យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានបរហួសផ្លូវរត់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងព្រលានយន្តហោះ Chongqing នាព្រឹកនេះ បណ្ដាលឱ្យមនុស្សច្រើននាក់រងរបួស។
«យន្តហោះមួយគ្រឿងចេញដំណើរពី Chongqing ទៅកាន់ទីក្រុង Lhasa របស់ ទីបេ បានជ្រុលធ្លាក់ពីផ្លូវរត និងឆាបឆេះនៅក្នុង ព្រលានយន្តហោះអន្តរជាតិ Chongqing Jiangbei» នេះបើតាមទូរទស្សន៍ចិន CCTV។
យោងតាមប្រកាសផ្លូវការរបស់ Tibet Airlines ក្រុមហោះហើរដឹងថា «មានអ្វីមិនប្រក្រតី» ក្នុងពេលត្រៀមហោះឡើង ទើបសម្រេចមិនធ្វើការហោះហើរ។ ក្រោយមក យន្តហោះនេះក៏បានប្ដូរទិសចេញពីផ្លូវរត់។
«អ្នកដំណើរទាំង ១១៣ នាក់ និងបុគ្គលិកហោះហើរ ៩ នាក់ ត្រូវបានឈ្លៀសចេញពីយន្តហោះ មនុស្សមួយចំនួនរងរបួសស្រាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល» ប្រកាសរបស់ក្រុមហ៊ុនខាងលើ ឱ្យដឹងដូច្នេះ ប៉ុន្តែមិនទាន់និយាយលម្អិតអំពីហេតុការណ៍នេះនៅឡើយ។
ហេតុការណ៍ខាងលើបានកើតឡើងក្រោយពីករណីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន China Eastern ហោះពី Kunming ទៅកាន់ Guangzhou ធ្លាក់ដាំក្បាលចុះលើខ្នងភ្នំកាលពីខែមីនា ២០២២ បណ្ដាលឱ្យមនុស្សទាំង ១៣២ នាក់នៅលើយន្តហោះ បាត់បង់ជីវិត ដោយមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយ។