កូរ៉េខាងជើង ប្រកាសថា បានរកឃើញករណីវិជ្ជមាននឹង វីរុសកូវីដ-១៩ ដំបូងបង្អស់របស់ប្រទេសនេះ ក្រោយរយៈពេលជាង ២ ឆ្នាំ ដែលបានបិទព្រំដែនដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកល។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថ្ងៃនេះបានប្រកាសថា ករណីកូវីដ-១៩ ដំបូងនៅប្រទេសនេះ ត្រូវបានរកឃើញនៅ រដ្ឋធានីព្យុងយ៉ាង និងបានហៅករណីនេះថាជា «ស្ថានការណ៍អាសន្នថ្នាក់ជាតិដ៏ធ្ងន់ធ្ងរ»។ KCNA បន្ថែមថា ករណីនេះគឺជាវ៉ារ្យ៉ង់ អូមីក្រុង ប្រភេទ BA.២ ប៉ុន្តែមិនបានបង្ហើបឱ្យដឹងសេចក្ដីលម្អិតឡើយ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុន ដែលដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ បានប្រកាសបើកដំណើរការប្រព័ន្ធគ្រប់គ្រងការបិទខ្ទប់ «ក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុត» និងបានអះអាងថា ប្រទេសនេះនឹងឆ្លងផុត កូវីដ-១៩។
លោក គីម ជុងអុន បានស្នើឱ្យរឹតបន្តឹងព្រំដែន និងអំពាវនាវឱ្យប្រជាជនសាមគ្គីគ្នាទប់ស្កាត់ការឆ្លងរាលដាលរបស់ វីរុស ដោយការបិទខ្ទប់តំបន់របស់ខ្លួន។ «គោលដៅគឺការលុបបំបាត់អាសន្នរោគដោយប្រើពេលខ្លីបំផុត» KCNA ដកស្រង់សម្ដីរបស់លោក គីម ជុងអុន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំខាងលើ។
អង្គការសុខភាពពិភពលោក (WHO) កាលពីចុងឆ្នាំកន្លង បានប្រកាសដឹកជញ្ជូនបរិក្ខាពេទ្យសំខាន់ៗសម្រាប់ទប់ទល់នឹង កូវីដ-១៩ «ក្នុងបំណងរក្សាទុកជារបស់បង្ការយុទ្ធសាស្ត្រ» ទៅកាន់ កូរ៉េខាងជើង តាមរយៈកំពង់ផែ Dalian របស់ ប្រទេសចិន នេះបើតាម KCNA៕