លោក Leonid Kravchuk ដែលជាប្រធានាធិបតីដំបូងរបស់ អ៊ុយក្រែន ក្រោយពីប្រទេសនេះបានផ្ដាច់ចេញពីសហភាពសូវៀត បានទទួលមរណភាពក្នុងវ័យ ៨៨ ឆ្នាំ។
«នេះគឺជាដំណឹងដ៏ក្រៀមក្រំ និងជាការបាត់បង់ដ៏ធំធេង» ជំនួយការប្រធានាធិបតីអ៊ុយក្រែន Andriy Yermak បង្ហោះសារនៅលើ Telegram ប្រកាសអំពីការលាចាកលោករបស់ អតីតប្រធានាធិបតី Leonid Kravchuk កាលពីថ្ងៃទី ១០ ឧសភា ២០២២។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានហៅលោក Kravchuk ថាជាតួអង្គប្រវត្តិសាស្ត្រ និងលើកសរសើរអំពីតួនាទីរបស់លោកនៅពេលដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាលលំបាក ក្រោយពី សូវៀត បានដួលរលំ។
លោក Kravchuk ចាប់កំណើតក្នុងឆ្នាំ ១៩៣៤ ក្នុងគ្រួសារកសិករមួយ។ លោកកាន់តំណែងប្រធានាធិបតីអ៊ុយក្រែន ចន្លោះឆ្នាំ ១៩៩១ ដល់ ១៩៩៤ និងបានយល់ព្រមប្រគល់អាវុធនុយក្លេអែររបស់ សូវៀត ដែលនៅសល់លើទឹកដី អ៊ុយក្រែន ឱ្យ រុស្ស៊ី ទៅតាមកិច្ចព្រមព្រៀងមួយដែលទទួលបានការគាំទ្រពី សហរដ្ឋអាម៉េរិក។
សុខភាពរបស់លោក Kravchuk ថ្មីៗបានប្រែជាអាក្រក់ទៅៗ ហើយលោកក៏ត្រូវឆ្លងកាត់ការវះកាត់បេះដូងម្ដងរួចហើយកាលពីឆ្នាំ ២០២១៕