ខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ រិះគន់លើករណីបាតុករជះទឹកថ្នាំលាបលើឯកអគ្គរដ្ឋទូតរុស្ស៊ី Andreev រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ ឯណោះវិញ បែរជានិយាយថា គេអាចយល់បាននូវអារម្មណ៍របស់ក្រុមបាតុករនាពេលនោះ។
«ក្រុមអ្នកការទូតត្រូវតែទទួលបាននូវការការពារពិសេស បើទោះជាគោលនយោបាយដែលរដ្ឋាភិបាលរបស់ពួកគេកំពុងអនុវត្តបែបណាក៏ដោយ» រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Zbigniew Rau លើកឡើងដូច្នេះ បន្ទាប់ពីមានករណីក្រុមបាតុករជះទឹកថ្នាំលាបលើ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Sergei Andreev នៅ រដ្ឋធានា Warsaw កាលពីថ្ងៃទី ៩ ឧសភា។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានហៅទង្វើនេះថាជាហេតុការណ៍ «អាក្រក់ជាទីបំផុត»។
ក៏ប៉ុន្តែ អ្នកនាំពាក្យរបស់រដ្ឋាភិបាលប៉ូឡូញ លោក Lan Piotr Muller កាលពីថ្ងៃទី ១០ ឧសភា បានឱ្យដឹងថា «អាចយល់បាន» នូវការផ្ទុះកំហឹងរបស់ក្រុមបាតុករដែលបានជះទឹកថ្នាំលាបលើ ឯកអគ្គរដ្ឋទូតរុស្ស៊ី Andreev ហើយថា «មិនមានមូលហេតុណាមួយដែលគួររិះគន់ទង្វើរបស់ពួកគេឡើយ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ ប៉ូឡូញ លោក Mariusz Kaminski ក៏បានបង្ហោះសារនៅលើ Twitter ថា «ការប្រមូលផ្ដុំរបស់ក្រុមប្រឆាំងយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន គឺជារឿងស្របច្បាប់ទាំងស្រុង។ អារម្មណ៍របស់ក្រុម ស្ត្រីអ៊ុយក្រែន ដែលបានចូលរួមធ្វើបាតុកម្ម ជាអ្នកដែលមានស្វាមីកំពុងប្រយុទ្ធដើម្បីការពារទឹកដី គឺជាប្រការដែលងាយយល់»។