ឧទ្ធម្ភាគចក្រវាយប្រហារ Z-១០ របស់ ចិនដីគោក បានហោះឆ្លងផុតបន្ទាត់ខណ្ឌចែកដែនទឹកនៅច្រកសមុទ្ររបស់ កោះតៃវ៉ាន់ ប៉ុន្តែមិនទាន់ដឹងច្បាស់អំពីបេសកកម្មនេះនៅឡើយ។
កងកម្លាំងការពារជាតិរបស់ តៃវ៉ាន់ ឱ្យដឹងថា ឧទ្ធម្ភាគចក្រ Z-១០ របស់ កងទ័ពចិន ហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅជុំវិញ កោះតៃវ៉ាន់ កាលពីម្សិលមិញ។ ឧទ្ធម្ភាគចក្រនេះក៏បានហោះឆ្លងផុតបន្ទាត់ព្រំដែនដែលត្រូវបានគេយល់ថាជាបន្ទាត់ខណ្ឌចែកនៅលើ ច្រកសមុទ្រតៃវ៉ាន់។
អង្គភាពឧទ្ធម្ភាគចក្រប្រមាញ់នាវាមុជទឹក Ka-២៨ របស់ កងទ័ពជើងទឹកចិន ក៏ធ្វើសកម្មភាពនៅតំបន់ភាគនិរតី ADIZ របស់ តៃវ៉ាន់ ផងដែរ។ គេមិនទាន់ដឹងថា ឧទ្ធម្ភាគចក្រ Z-១០ មានជាប់ទាក់ទងនឹងសកម្មភាពរបស់អង្គភាព Ka-២៨ ឬយ៉ាងណានៅឡើយ។
ក្រសួងការពារជាតិរបស់ ប្រទេសចិន មិនទាន់មានប្រតិកម្មឆ្លើយតបនៅឡើយចំពោះការលើកឡើងខាងលើរបស់ តៃវ៉ាន់។
យន្តហោះយោធាចិន កម្រនឹងហោះឆ្លងកាត់បន្ទាត់កណ្ដាលនៅលើច្រកសមុទ្រតៃវ៉ាន់។ អង្គភាពយន្តហោះចម្បាំង J-១០, J-១១ និង J-១៦ របស់ចិន កាលពីថ្ងៃទី ១៩ កញ្ញា ២០២០ ធ្លាប់បានហោះឆ្លងកាត់បន្ទាត់កណ្ដាលនេះ នៅក្នុងថ្ងៃដែល អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Keith Krach មកធ្វើទស្សនកិច្ច កោះតៃវ៉ាន់។ ក៏ប៉ុន្តែ លើកនេះគឺជាករណីដំបូងដែលឧទ្ធម្ភាគចក្រ Z-១០ របស់ចិន មានសកម្មភាពដូច្នេះ។
ទីក្រុងប៉េកាំង បានរិះគន់ច្រើនដងដល់សកម្មភាពដូចខាងលើរបស់ នាវាចម្បាំងអាម៉េរិក ហើយបានហៅសកម្មភាពនេះថាជា «ការបង្កហេតុ និងបញ្ជូនសារខុសឆ្គងដល់ក្រុមផ្ដាច់ខ្លួននៅ តៃវ៉ាន់ ក្នុងបំណងបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់»។
ចិនដីគោក ចាត់ទុក កោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ដែលកំពុងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ ហើយថានឹងប្រើកម្លាំងបាយរឹបអូសយកមកវិញ បើសិនជាចាំបាច់៕