លោក Moon Jae-in និងភរិយា បានត្រលប់ទៅស្រុកកំណើតនៅឯ Yangsan ដើម្បីរស់នៅក្នុងជីវភាពថ្មីក្រោយចប់អាណត្តិប្រធានាធិបតី។
លោក Moon Jae-in អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស្រី Kim Jung-sook បានត្រលប់ទៅដល់ផ្ទះនៅក្នុងទីក្រុង Yangsan ភាគខាងកើតនៃ ប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញ បន្ទាប់ពីបានចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក Yoon Suk-yeol។
«នៅពេលត្រលប់ទៅផ្ទះ ខ្ញុំមានអារម្មណ៍ថាធូរស្បើយ ព្រោះថា ចុងក្រោយក៏បានសម្រេចគ្រប់យ៉ាងប្រកបដោយសុវត្ថិភាព» លោក Moon Jae-in និយាយដូច្នេះនៅពេលត្រលប់ទៅស្រុកកំណើត។
លោក Moon Jae-in ឱ្យដឹងថា នឹងរស់នៅក្នុងជីវភាពមួយក្នុងនាមជាកសិករ ធ្វើការងារកសិកម្ម និងក្រេបរសជាតិ makgeolli ដែលជាស្រាបិតពីអង្ករមួយប្រភេទរបស់ កូរ៉េខាងត្បូង ជាមួយកសិករនៅក្នុងតំបន់។
លោក Moon Jae-in និងភរិយា បានឡើងរថភ្លើងល្បឿនលឿន KTX នៅ សេអ៊ូល កាលពីព្រឹកម្សិលមិញ ដើម្បីត្រលប់ទៅស្រុកកំណើតដែលមានចម្ងាយពីសេអ៊ូល ៤២០ គីឡូម៉ែត្រ ជាមួយនឹងអតីតជំនួយការ និងតំណាងរាស្ត្រមួយចំនួនរបស់បក្សប្រជាធិបតេយ្យ។
អ្នកគាំទ្រប្រហែល ១,០០០ នាក់ បានប្រមូលផ្ដុំគ្នានៅចំណាតរថភ្លើងសេអ៊ូល ដើម្បីជូនដំណើរអតីតប្រធានាធិបតី ក្នុងនោះគេឃើញមានអ្នកគាំទ្រខ្លះលើកបដាដែលសរសេរថា «លោកនៅតែជាកំពូលតារារបស់ខ្ញុំ» ឬ «ខ្ញុំគោរពស្រលាញ់ Moon Jae-in»។