កងទ័ពស្រីលង្កា ជម្លៀសអតីតនាយករដ្ឋមន្ត្រីដែលទើបតែបានលាលែងពីតំណែង Rajapaksa ចេញពីភូមិគ្រឹះនៅ កូឡុំបូ បន្ទាប់ពីបាតុកររាប់ពាន់នាក់ឡោមព័ទ្ធតំបន់នេះ។
«ក្រោយពីបេសកកម្មមុនអរុណរះ អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa និងគ្រួសាររបស់លោក ត្រូវបានកងទ័ពធ្វើការឈ្លៀសទៅកាន់កន្លែងសុវត្ថិភាព។ យ៉ាងហោចណាស់មានគ្រាប់បែកសាំងចំនួន ១០ គ្រាប់ ត្រូវបានគប់ចូលទីតាំងផ្ទះ» មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់ ស្រីលង្កា បានឱ្យដឹងនៅថ្ងៃនេះ។
ជម្លៀសនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពី ប្រទេសស្រីលង្កា កើតមានបាតុកម្មហិង្សា បណ្ដាលឱ្យមនុស្ស ៥ នាក់ស្លាប់ និងជិត ២០០ នាក់រងរបួស។ បាតុកររាប់ពាន់នាក់បានឡោមព័ទ្ធ និងបំផ្លាញខ្លោងទ្វារចូលភូមិគ្រឹះនាយករដ្ឋមន្ត្រីនៅ កូឡុំបូ និងព្យាយាមសម្រុកចូលខាងក្នុង។
ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ដែលជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Rajapaksa បាន ដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្នកាលពីថ្ងៃទី ៦ ឧសភា និងបានប្រគល់អំណាចឱ្យកងទ័ពដើម្បីដោះស្រាយជាមួយក្រុមបាតុករដែលចេះតែធំឡើង។
លោក Rajapaksa កាលពីថ្ងៃទី ៩ ឧសភា បានដាក់ពាក្យសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រីទៅកាន់ប្អូនប្រុសដែលជាប្រធានាធិបតី ដើម្បីបើកផ្លូវឱ្យមានរដ្ឋាភិបាលសាមគ្គីថ្មីមួយ» ក្រោយពីកើតមានអំពើហិង្សារវាងក្រុមអ្នកគាំទ្រត្រកូល Rajapaksa និងក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋាភិបាល។
ស្រីលង្កា កំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត រាប់ចាប់តាំងពីបានឯករាជ្យ។ កាលពីខែមេសា រដ្ឋាភិបាលបានប្រកាសក្ស័យធន ដោយមិនមានប្រាក់សម្រាប់សងបំណុលបរទេស ៥១ ពាន់លានដុល្លារអាម៉េរិក។ ប្រជាជនរស់នៅក្នុងស្ថានភាពដាច់ភ្លើង ខ្វះស្បៀងអាហារ ឥន្ធនៈ ថ្នាំសង្កូវ ជាដើម អស់ជាច្រើនខែមកហើយ។
វិបត្តិបានកើតឡើងបន្ទាប់ពី កូវីដ-១៩ បានបង្កផលប៉ះពាល់ដល់ប្រភពចំណូលសំខាន់ពីបរទេស ធ្វើឱ្យប្រទេសស្រីលង្កា ធ្លាក់ក្នុងស្ថានខ្វះថវិកាដើម្បីសងបំណុល បង្ខំឱ្យរដ្ឋាភិបាលហាមការនាំចូលទំនិញជាច្រើនប្រភេទ ហើយជាលទ្ធផល ស្ថានភាពខ្វះខាតកាន់តែធ្ងន់ធ្ងរឡើងៗ បណ្ដាលឱ្យបញ្ហាអតិផរណាកើនឡើងខ្ពស់ និងដាច់ភ្លើងរយៈពេលយូរ។