មនុស្សម្នាក់បានស្លាប់ និងប្រហែល ១០ នាក់ផ្សេងទៀត រងរបួស នៅពេលរថភ្លើងធ្លាក់ចេញពីផ្លូវដែកកាលពីថ្ងៃទី ៩ ឧសភា នៅ Muenchendorf ជាយក្រុងភាគខាងត្បូងនៃ រដ្ឋធានីវីយែន របស់ អូទ្រីស។
យោងតាមក្រុមមន្ត្រីក្នុងតំបន់ រថភ្លើងដែលជួបគ្រោះថ្នាក់នេះកំពុងដឹកអ្នកដំណើរប្រហែល ១០០ នាក់។ ហេតុការណ៍នេះបានបណ្ដាលឱ្យអ្នកដំណើរម្នាក់ស្លាប់ ខណៈដែល ៣ នាក់ទៀតរងរបួសធ្ងន់ធ្ងរ និង ៩ នាក់រងរបួសស្រាល។
ទូរថភ្លើងចំនួន ២ បានធ្លាក់ពីផ្លូវដែកនេះ រួមមាន ទូទី ១ ខ្ទាតធ្លាក់ចូលវាល និងទូ ១ ទៀតខ្ទាតទៅលើផ្លូវដែលអមសងខាងផ្លូវដែក។
បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាម ក្រុមសង្គ្រោះក៏បានមកដល់កន្លែងកើតហេតុ។ បច្ចុប្បន្នមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយ ប៉ុន្តែ រថភ្លើងនេះត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្លូវដែកឯកជន Raaberbahn។