ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានសម្ដែងការព្រួយបារម្ភ ខ្លាច ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនមានច្រកចេញក្នុងសង្គ្រាមនៅ អ៊ុយក្រែន ហើយ វ៉ាស៊ីងតោន កំពុងប្រឹងប្រែងស្វែងរកវិធីដោះស្រាយ។
«យើងបានប្រមូលកម្លាំងពិភពលោកដើម្បីទប់ស្កាត់ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ខ្ញុំជឿថា ពូទីន គិតថា គាត់អាចផ្ដួលរំលំ ណាតូ និង សហភាពអឺរ៉ុប។ ប៉ុន្តែ ពេលនេះ គោលដៅនោះហាក់នៅសែនឆ្ងាយ» លោក បៃដិន ថ្លែងដូច្នេះនៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់សម្រាប់បក្សប្រជាធិបតេយ្យ នៅជាយក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃទី ៩ ឧសភា។
យោងតាមលោក បៃដិន ប្រធានាធិបតីរុស្ស៊ី ជាមនុស្ស «មានការគិតគូរវែងឆ្ងាយ» ប៉ុន្តែ បច្ចុប្បន្ន «មិនដឹងថាត្រូវធ្វើអ្វីឱ្យប្រាកដ»។ លោក បៃដិន បារម្ភថា មេដឹកនាំរបស់ រុស្ស៊ី មិនអាចរកឃើញច្រកចេញក្នុងសង្គ្រាមនៅ អ៊ុយក្រែន។
«ខ្ញុំកំពុងប្រឹងប្រែងស្វែងយល់ឱ្យដឹងថា យើងនឹងធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះ» ប្រធានាធិបតីអាម៉េរិក និយាយដូច្នេះ។
បច្ចុប្បន្ន រុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីដើម្បីប្រតិកម្មទៅនឹងសម្ដីរបស់ ប្រធានាធិបតីអាម៉េរិក ខាងលើនេះនៅឡើយ។
កាលពីម្សិលមិញ ប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកច្បាប់ដែលអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីក្នុងសង្គ្រាមលោកលើកទី ២ ដើម្បីបង្កភាពងាយស្រួលសម្រាប់ការផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែន។ ច្បាប់នេះនឹងពង្រីកជំនួយទាក់ទងនឹងកាំភ្លើងធំ មីស៊ីលការពារដែនអាកាស អាវុធប្រឆាំងរថក្រោះ និងសព្វាវុធធុនធ្ងន់ជាច្រើនប្រភេទរបស់បស្ចិមលោក សម្រាប់ អ៊ុយក្រែន។ ច្បាប់នេះត្រូវបានដាក់ឱ្យដាច់ដោយឡែកពីកិច្ចប្រឹងប្រែងបញ្ជូនសព្វាវុធពីឃ្លាំងរបស់ អាម៉េរិក ឱ្យ អ៊ុយក្រែន ដែលត្រូវបានធ្វើឡើងនាពេលកន្លង។