ប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាលើកច្បាប់ដែលអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីក្នុងសង្គ្រាមលោកលើកទី ២ ដើម្បីបង្កភាពងាយស្រួលសម្រាប់ការផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែន។
«ច្បាប់ឱ្យខ្ចី-ឱ្យជួល (Lend-Lease) ការពារប្រជាធិបតេយ្យអ៊ុយក្រែន ២០២២» នេះ ត្រូវបានលោក បៃដិន ចុះហត្ថលេខាអនុម័តចុងក្រោយកាលពីថ្ងៃទី ៩ ឧសភា។ លោក បៃដិន ក៏ប្រកាសថា សហរដ្ឋអាម៉េរិក គាំទ្រ «ជនជាតិអ៊ុយក្រែន ប្រយុទ្ធការពារទឹកដី និងប្រជាធិបតេយ្យ» នៅចំពោះមុខយុទ្ធនាការយោធាពិសេសរបស់ រុស្ស៊ី។
លោក បៃដិន ក៏បានឱ្យដឹងថា បានត្រៀមរួចរាល់ហើយក្នុងការបោះបង់សំណើជំនួយសម្រាប់កម្មវិធីប្រឆាំងកូវីដ-១៩ របស់រដ្ឋាភិបាល ដែលត្រូវបានស្នើទន្ទឹមគ្នានឹងកញ្ចប់ជំនួយសម្រាប់ អ៊ុយក្រែន ដើម្បីទទួលបានកញ្ចប់ថវិកា ៣៣ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសមួយដែលកំពុងហែកហួរដោយសង្គ្រាមឈ្លានពាន។ លោក បៃដិន បញ្ជាក់ថា មិនអាចពន្យារពេលទៀតឡើយចំពោះកិច្ចប្រឹងប្រែងនេះ។
ច្បាប់ Lend-Lease ដើម្បីផ្ដល់ជំនួយយោធាទ្រង់ទ្រាយធំ និងរហ័ស ដល់ អ៊ុយក្រែន នេះ ត្រូវបានសភាជាន់ទាបអាម៉េរិក អនុម័តកាលពីថ្ងៃទី ២៨ មេសា ២០២២ ក្រោយពីសភាជាន់ខ្ពស់អាម៉េរិក អនុម័តបាន ៣ សប្ដាហ៍។ ច្បាប់នេះនឹងពង្រីកជំនួយទាក់ទងនឹងកាំភ្លើងធំ មីស៊ីលការពារដែនអាកាស អាវុធប្រឆាំងរថក្រោះ និងសព្វាវុធធុនធ្ងន់ជាច្រើនប្រភេទរបស់បស្ចិមលោក សម្រាប់ អ៊ុយក្រែន។ ច្បាប់នេះត្រូវបានដាក់ឱ្យដាច់ដោយឡែកពីកិច្ចប្រឹងប្រែងបញ្ជូនសព្វាវុធពីឃ្លាំងរបស់ អាម៉េរិក ឱ្យ អ៊ុយក្រែន ដែលត្រូវបានធ្វើឡើងនាពេលកន្លង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី សាទរចំពោះការសម្រេចចិត្តរបស់ អាម៉េរិក និងបានហៅការសម្រេចចិត្តនេះថាជា ជំហានប្រវត្តិសាស្ត្រ។
ចំណែកភាគីខាង រុស្ស៊ី វិញ មិនទាន់មានប្រតិកម្មអ្វីឡើយ ប៉ុន្តែ ប្រធានសភាឌូម៉ា លោក Vyacheslav Volodin កាលពីថ្ងៃទី ២៩ មេសា ធ្លាប់បានព្រមានថា «ជនជាតិអ៊ុយក្រែន ច្រើនជំនាន់នាពេលអនាគត នឹងត្រូវសងបំណុល» សម្រាប់អាវុធ គ្រាប់រំសេវ និងស្បៀងដែល អាម៉េរិក ផ្ដល់ឱ្យ ដោយសារតែច្បាប់ Lend-Lease របស់ អាម៉េរិក បានកំណត់លក្ខខណ្ឌនៃការប្រគល់ទំនិញថា ទីក្រុងកៀវ ត្រូវ «សងមកវិញនូវយោធូបករណ៍ដែលបានខ្ចី ឬបានជួល»៕