កាលពីថ្ងៃទី ៨ ឧសភា ស្ថាប័នជួយសង្គ្រោះជនភៀសខ្លួន Caminando Fronteras របស់ អេស្ប៉ាញ បានឱ្យដឹងថា មនុស្សយ៉ាងតិច ៤៤ នាក់ បានស្លាប់ដោយសារលង់ទឹកនៅក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅលើសមុទ្រនៃឆ្នេរ Cap Boujdour ជាតំបន់ដែលគ្រប់គ្រងដោយ ម៉ារ៉ុក ស្ថិតនៅភាគខាងលិចតំបន់សាហារ៉ា។
លោកស្រី Helena Maleno ជាបុគ្គលិករបស់ស្ថាប័នខាងលើ បានប្រាប់ថា មនុស្ស ១២ នាក់ ត្រូវបានជួយសង្គ្រោះ ហើយសាកសព ៧ នាក់ ត្រូវបានស្រង់ឡើងគោក នៅក្នុងហេតុការណ៍នេះ ខណៈដែលបេសកកម្មស្វែងរកជនរងគ្រោះកំពុងត្រូវបានធ្វើបន្ត។
បច្ចុប្បន្នមិនទាន់ដឹងច្បាស់អំពីគោលដៅរបស់ទូក និងជនភៀសខ្លួនទាំងនេះនៅឡើយ ប៉ុន្តែ កន្លងមក ក្រុមជនចំណាកស្រុកភាគច្រើនស្វែងរកផ្លូវទៅកាន់កោះ Canary របស់ ប្រទេសអេស្ប៉ាញ ដោយសង្ឃឹមថា នឹងមានជីវភាពប្រសើរឡើង។