នាយករដ្ឋមន្ត្រីរបស់ ប្រទេសកាណាដា Justin Trudeau កាលពីថ្ងៃទី ៨ ឧសភា ឱ្យដឹងថា នឹងផ្ដល់ជំនួយជាអាវុធ និងយោធូបករណ៍ថ្មីដល់ ប្រទេសអ៊ុយក្រែន ក្រោយដំណើរទស្សនកិច្ចភ្លាមៗរបស់លោក មកកាន់ប្រទេសនេះ។
«ថ្ងៃនេះ ខ្ញុំប្រកាសផ្ដល់ជំនួយយោធាបន្ថែម កាមេរ៉ាហោះគ្មានមនុស្សបើក រូបភាពផ្កាយរណប អាវុធខ្នាតតូច គ្រាប់រំសេវា រួមនឹងជំនួយផ្សេងទៀត ក្នុងនោះមានទាំងជំនួយសម្រាប់សកម្មភាពរុករក និងកម្ទេចគ្រាប់មីន» នៅ អ៊ុយក្រែន ផងដែរ នាយករដ្ឋមន្ត្រី Trudeau ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន ក្រោយពីបានជួបសន្ទនាជាមួយ ប្រធានាធិបតីអ៊ុយក្រែន នៅ រដ្ឋធានីកៀវ។
«ហើយយើងកំពុងលើកឡើងនូវវិធានការដាក់ទណ្ឌកម្មថ្មីចំពោះបុគ្គល ៤០ រូប និង ៥ អង្គភាពរបស់ រុស្ស៊ី និងក្រុមអ្នកមាន ក៏ដូចជាសហការីជិតស្និទ្ធរបស់ រដ្ឋាភិបាលរុស្ស៊ី ក្នុងវិស័យការពារជាតិ» លោក Trudeau បន្ថែមដូច្នេះ។
ក្នុងដំណើរទស្សនកិច្ចមិនឱ្យដឹងជាមុន ទៅកាន់ អ៊ុយក្រែន កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកាណាដា បានទៅដល់ទីរួមស្រុក Irpin ដែលនៅខាងក្រៅ រដ្ឋធានីកៀវ។ នេះគឺជាទីកន្លែងដែលធ្លាប់មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងរបស់ អ៊ុយក្រែន និងកម្លាំងរបស់ រុស្ស៊ី មុនពេល មូស្គូ សម្រេចចិត្តដកថយដើម្បីប្រមូលកម្លាំងនៅភាគខាងកើតកាលពីខែមីនា។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានប្រកាសបើកឡើងវិញស្ថានទូតរបស់ កាណាដា នៅ អ៊ុយក្រែន ផងដែរ។
កាណាដា បានរួមចំណែក ២៥ លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោកនៃ អង្គការសហប្រជាជាតិ សម្រាប់ជាផ្នែកមួយនៃការប្រឹងប្រែងរក្សាសន្តិសុខស្បៀងនៅ អ៊ុយក្រែន។ ទន្ទឹមនឹងនេះ កាណាដា ក៏មានគម្រោងលើកលែងពន្ធពាណិជ្ជកម្មចំពោះរាល់ទំនិញដែល កាណាដា នាំចូលពី អ៊ុយក្រែន នៅឆ្នាំក្រោយ។