ក្រុមមេដឹកនាំនៃបណ្ដាប្រទេស G៧ កាលពីថ្ងៃទី ៩ ឧសភា បានសន្យាថា នឹងហាមឃាត់ការនាំចូលប្រេង ឬលុបបំបាត់ប្រេងរបស់ រុស្ស៊ី ដើម្បីដាក់សម្ពាធលើ ទីក្រុងមូស្គូ ព្រោះតែយុទ្ធនាការយោធានៅ អ៊ុយក្រែន។
«យើងសន្យាថាលុបបំបាត់ជាបណ្ដើរៗនូវស្ថានភាពពឹងផ្អែករបស់យើងទៅលើថាមពលរបស់ រុស្ស៊ី ក្នុងនោះមានទាំងការលុបចោល ឬហាមឃាត់ការនាំចូលប្រេងរបស់ រុស្ស៊ី» ប្រកាសរបស់ G៧ មានឃ្លាសរសេរដូច្នេះ។ «យើងធានាថានឹងធ្វើដូច្នេះឱ្យបានទាន់ពេល និងមានសណ្ដាប់ធ្នាប់ ទន្ទឹមនឹងនេះ ក៏នឹងទុកពេលវេលាគ្រប់គ្រាន់ឱ្យពិភពលោកស្វែងរកប្រភពផ្គត់ផ្គង់ថ្មីមកជំនួស»។
G៧ ក៏បានឱ្យដឹងថា សមាជិកទាំងឡាយនឹងអនុវត្តវិធានការនានាដើម្បីហាមឃាត់ ឬទប់ស្កាត់ការផ្ដល់សេវាកម្មសំខាន់ៗដែល មូស្គូ ពឹងផ្អែក ដើម្បីជាផ្នែកមួយនៃការប្រឹងប្រែងដាក់សេដ្ឋកិច្ចរបស់ រុស្ស៊ី ឱ្យនៅឯកោ។
ជប៉ុន ដែលជាប្រទេសមិនសូវសម្បូរធនធានធម្មជាតិ និងកំពុងនាំចូលប្រេងឆៅពី រុស្ស៊ី កន្លងមកធ្លាប់មានការរារែកក្នុងការសម្រេចចិត្តលើការហាមឃាត់ប្រេងរបស់ រុស្ស៊ី។ ក៏ប៉ុន្តែ ក្នុងកិច្ចប្រជុំជាមួយក្រុមមេដឹកនាំ G៧ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសថា លោកនឹងអនុវត្តវិធានការហាមឃាត់ការនាំចូលប្រេងរបស់ រុស្ស៊ី។
ការសន្យារបស់ក្រុមប្រទេស G៧ នឹងជាការ «សំពងធ្ងន់ធ្ងរទៅលើសរសៃឈាមសំខាន់» របស់ សេដ្ឋកិច្ចរុស្ស៊ី និងនាំឱ្យរដ្ឋាភិបាលប្រទេសនេះ បាត់បង់ប្រភពផ្គត់ផ្គង់សំខាន់សម្រាប់យុទ្ធនាការយោធានៅ អ៊ុយក្រែន នេះបើតាមសេតវិមាន។
G៧ (Group of Seven) គឺជាវេទិកានយោបាយអន្តរជាតិដែលមានប្រទេសរីកចម្រើនជាងគេចំនួន ៧ ជាសមាជិក រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, ជប៉ុន, អង់គ្លេស និង សហរដ្ឋអាម៉េរិក។ ក្រៅពីនេះ សហភាពអឺរ៉ុប ក៏ជា «សមាជិកមួយដែលមិនត្រូវបានរាប់បញ្ចូល»។