អាជ្ញាធររបស់ ប្រទេសកោះ Fiji ជំនួសមុខឱ្យ សហរដ្ឋអាម៉េរិក រឹបអូសនាវាទេសចរណ៍មួយគ្រឿង តម្លៃ ៣០០ លានដុល្លារ របស់ មហាសេដ្ឋីរុស្ស៊ី Kerimov នៅក្នុងកិច្ចប្រឹងប្រែងដាក់ទណ្ឌកម្មលើ ទីក្រុងមូស្គូ។
កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌របស់ អាម៉េរិក បានប្រកាសថា អាជ្ញាធរនៃប្រទេស Fiji បានរឹបអូសនាវាទេសចរណ៍ Amadea ប្រវែងជាង ១០០ ម៉ែត្រ របស់ មហាសេដ្ឋីរុស្ស៊ី Suleyman Kerimov ក្រោមមូលហេតុថា «រំលោភច្បាប់អាម៉េរិក»។
«ការរឹបអូសនេះបង្ហាញប្រាប់ក្រុមអ្នកមាននៅ រុស្ស៊ី ថា ពួកគេមិនអាចលាក់ខ្លួនបានឡើយ សូម្បីតែនៅទីកន្លែងឆ្ងាយដាច់ស្រយាលបំផុតរបស់ពិភពលោក» អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិក Lisa Monaco ប្រកាសដូច្នេះ។
មហាសេដ្ឋី Kerimov ដែលជាអ្នកមានជាងគេមួយរូបនៅ ប្រទេសរុស្ស៊ី រកស៊ីក្នុងវិស័យរុករករ៉ែមាស។ លោកគឺជាតំណាងរាស្ត្រនៅសភាជាន់ខ្ពស់ តំណាងឱ្យសាធារណរដ្ឋ Dagestan នៃ សហព័ន្ធរុស្ស៊ី និងត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន។
សារព័ត៌មាន Forbes បានគណនាឃើញថា លោក Kerimov មានទ្រព្យ ១៣ ពាន់លានដុល្លារអាម៉េរិក។ មហាសេដ្ឋីរូបនេះត្រូវបាន សហរដ្ឋអាម៉េរិក, អង់គ្លេស និង សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មតាំងពីខែមីនា ២០២២ បន្ទាប់ពី រុស្ស៊ី បានបើកការឈ្លានពានលើ អ៊ុយក្រែន។