ក្រុមមន្ត្រីចិន បានបញ្ចប់ភារកិច្ចជួយសង្គ្រោះ និងបានប្រកាសថា ករណីស្លាប់នៅក្នុងហេតុការណ៍បាក់រលំអគារមួយនៅខេត្ត Huna បានកើនដល់ ៥៣ នាក់។
«អ្នកដែលត្រូវជាប់ និងមិនអាចផ្លាស់ទីចេញពីកន្លែងកើតហេតុ ត្រូវបានរកឃើញអស់ហើយ។ មនុស្ស ១០ នាក់ ត្រូវបានជួយសង្គ្រោះ និង ៥៣ នាក់ បានស្លាប់» ទូរទស្សន៍រដ្ឋចិន ផ្សាយនាថ្ងៃនេះដូច្នេះ។ មួយថ្ងៃមុននេះ ចំនួនមនុស្សដែលត្រូវបានគេបញ្ជាក់ថាស្លាប់គឺ ២៦ នាក់។
អគារកម្ពស់ ៦ ជាន់ ដែលរួមមានរោងកុន ផ្ទះសំណាក់ ហាងកាហ្វេ ហាងទំនិញ និងទីស្នាក់នៅមួយនៅទីក្រុង Changsha ខេត្ត Hunan បានរាបដល់ដី នៅក្នុងហេតុការណ៍បាក់រលំកាលពីថ្ងៃទី ២៩ មេសា។
កងកម្លាំងជួយសង្គ្រោះបន្ទាន់ប្រើប្រាស់សុនក ម៉ាស៊ីនរុករក និងយន្តហោះគ្មានមនុស្សបើក បានប្រឹងប្រែងស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនេះ បន្ទាប់ពីហេតុការណ៍កើតឡើង។
បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់ កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស៊ើបអង្កេតឱ្យបានម៉ត់ចត់ ស្វែងរកមូលហេតុដែលនាំឱ្យមានហេតុការណ៍នេះកើតឡើង។