ស្ថាប័នស៊ើបការណ៍សម្ងាត់ និងយោធាអាម៉េរិក អះអាងថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអែរ នៅក្រោមដី នៅចុងខែឧសភា ២០២២។
ការវាយតម្លៃរបស់ស្ថាប័នចារកម្ម និងយោធាអាម៉េរិក បានឈានដល់ការសន្និដ្ឋានថា កូរ៉េខាងជើង កំពុងធ្វើសកម្មភាពត្រៀមនៅឯទីលានសាកល្បងអាវុធ Punggye-ri ហើយអាចសាកល្បងនុយក្លេអែរ នៅចុងខែឧសភា នេះបើតាមមន្ត្រី ៣ រូបរបស់ សហរដ្ឋអាម៉េរិក ដែលបានឱ្យដឹងកាលពីម្សិលមិញ។
រូបភាពពីផ្កាយរណបបង្ហាញថាមានសកម្មភាពរបស់មនុស្ស និងយានយន្តនៅលើទីលានសាកល្បង Punggye-ri ប៉ុន្តែមិនទាន់ដឹងច្បាស់ថា កូរ៉េខាងជើង បានដឹកឧបករណ៍នុយក្លេអែរ ចូលទៅក្នុងផ្លូវក្រោមដីហើយ ឬនៅ។
បើសិនជាករណីសាកល្បងនេះត្រូវបានធ្វើឡើង វានឹងជាការសាកល្បងអាវុធនុយក្លេអែរ លើកទី ៧ របស់ កូរ៉េខាងជើង និងជាករណីដំបូងក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ។
ភាគីកូរ៉េខាងជើង មិនទាន់មានការអធិប្បាយអ្វីនៅឡើយ ទាក់ទិននឹងការសង្ស័យរបស់ ក្រុមមន្ត្រីអាម៉េរិក។
ប្រធានាធិបតីអាម៉េរិក លោក ចូរ បៃដិន គ្រោងនឹងធ្វើទស្សនិច្ចនៅ ប្រទេសជប៉ុន និង កូរ៉េខាងត្បូង នៅចុងខែឧសភា។ នេះមិនមែនជាលើកដំបូងទេដែលព័ត៌មានស្ដីពី កូរ៉េខាងជើង ជិតសាកល្បងអាវុធនុយក្លេអែរ ត្រូវបានចុះផ្សាយនៅមុនដំណើរទស្សនិច្ចរបស់ ប្រធានាធិបតីអាម៉េរិក។ កាលពីឆ្នាំ ២០១៤ កូរ៉េខាងជើង ធ្លាប់បានត្រៀមធ្វើតេស្តនុយក្លេអែរ នៅពេលលោក អូបាម៉ា ធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូង។ ឆ្នាំ ២០១៦ កូរ៉េខាងជើង ក៏ធ្លាប់បានសាកល្បងអាវុធនុយក្លេអែរ បន្ទាប់ពីលោក អូបាម៉ា និងក្រុមមេដឹកនាំពិភពលោក ចាកចេញពី ទ្វីបអាស៊ី ក្រោយកិច្ចប្រជុំកំពូលមួយ។
មេដឹកនាំរបស់ កូរ៉េខាងជើង លោក គីម ជុងអុន ធ្លាប់បាននិយាយថា មានតែកម្លាំងនៃអាវុធនុយក្លេអែរ ដ៏ខ្លាំងក្លាប៉ុណ្ណោះ ទើបអាចការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ៕