(សហរដ្ឋអាម៉េរិក)-យន្តហោះរបស់ Stratolaunch បន្តធ្វើការហោះហើរសាកល្បងលើកទី ៥ មុនពេលដឹកយានល្បឿនលឿនជាងសំឡេងច្រើនដង នៅចុងឆ្នាំក្រោយ។
Roc ដែលផលិតដោយក្រុមហ៊ុន Stratolaunch គឺជាយន្តហោះធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានស្លាបប្រវែង ១១៧ ម៉ែត្រ។ យន្តហោះមានទម្ងន់ប្រហែល ២២៧,០០០ គីឡូក្រាមនេះ ត្រូវបានផលិតឡើងដើម្បីដឹកយានដែលអាចហោះហើរលឿនជាងល្បឿនសំឡេងច្រើនដង ទៅកាន់អាកាស។ កាលពីថ្ងៃទី ៤ ឧសភា Roc បានហោះហើរសាកល្បងដោយជោគជ័យជាលើកទី ៥ បន្ទាប់ពីជើងហោះហើរសាកល្បងលើកចុងក្រោយកាលពីខែកុម្ភៈ។ ជើងហោះហើរសាកល្បងទាំងនេះនឹងជួយឱ្យ Roc ត្រៀមខ្លួនរួចរាល់សម្រាប់បំពេញបេសកកម្ម។
Stratolaunch ឱ្យដឹងថា Roc ហោះឡើង និងចុះចតជោគជ័យនៅឯព្រលានយន្តហោះ និងអវកាស Mojave ក្នុងរដ្ឋ Florida ដោយមានយន្តហោះ Cessna ៥៥០ Citation Bravo ហោះតាមពីក្រោយ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Stratolaunch កំពុងមមាញឹក វិភាគទិន្នន័យដែលបានមកពីជើងហោះហើរសាកល្បងនេះ។
ក្រុមហ៊ុន Stratolaunch ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដោយ Paul Allen សហស្ថាបនិករបស់ Microsoft ក្នុងបំណងអភិវឌ្ឍយានសម្រាប់បាញ់បង្ហោះផ្កាយរណបថ្មី។ លោក Paul Allen បានទទួលមរណភាពកាលពីឆ្នាំ ២០១៨ មុនពេល Roc ហោះហើរសាកល្បងដំបូងកាលពីឆ្នាំ ២០១៩។ បច្ចុប្បន្ន Stratolaunch កំពុងឆ្ពោះទៅរកការដឹកយានដែលហោះក្នុងល្បឿនលឿនជាងសំឡេង ៥ ដង ឬកម្រិត Mach ៥ (៦,១៧៤ គីឡូម៉ែត្រ/ម៉ោង)។
កាលពីឆ្នាំ ២០២០ Stratolaunch បានចាប់ផ្ដើមអភិវឌ្ឍ Talon-A ដែលជាយានល្បឿនលឿនជាងសំឡេង សម្រាប់បាញ់បង្ហោះពី Roc។ Talon-A មានប្រវែង ៨.៥ ម៉ែត្រ និងទម្ងន់ ២,៧០០ គីឡូក្រាម អាចហោះក្នុងល្បឿនកម្រិត Mach ៦ (៧,៤០៨ គីឡូម៉ែត្រ/ម៉ោង)។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងត្រៀមដើម្បីឱ្យយានទាំង ២ នេះអាចដំណើរការបានពេញលេញនៅចុងឆ្នាំ ២០២៣៕