សហរដ្ឋអាម៉េរិក ផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដើម្បីជួយឱ្យកងទ័ពរបស់ អ៊ុយក្រែន កំណត់គោលដៅលើមេបញ្ជាការជាច្រើនរូបរបស់ កងទ័ពរុស្ស៊ី នេះបើតាមមន្ត្រីជាន់ខ្ពស់នៅ វ៉ាស៊ីងតោន។
ក្រុមមន្ត្រីជាន់ខ្ពស់អាម៉េរិក សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី ៤ ឧសភា បានប្រាប់សារព័ត៌មាន NY Times ថា ការកំណត់គោលដៅគឺជាផ្នែកមួយនៃការប្រឹងប្រែងយ៉ាងសម្ងាត់នៃរដ្ឋាភិបាលរបស់លោក ចូ បៃដិន ដើម្បីផ្ដល់ព័ត៌មានចារកម្មទាន់ហេតុការណ៍ ឱ្យ អ៊ុយក្រែន។
ចារកម្មអាម៉េរិក មិនត្រឹមតែផ្ដល់ព័ត៌មានស្ដីពីទីតាំងរបស់មេបញ្ជាការនានានោះទេ ប៉ុន្តែក៏អាចសន្និដ្ឋានបានអំពីការចល័តទ័ពរបស់ រុស្ស៊ី ផងដែរ ដោយយោងទៅលើការវាយតម្លៃចុងក្រោយទាក់ទិននឹងផែនការប្រយុទ្ធរបស់ ទីក្រុងមូស្គូ នៅ Donbass ភាគខាងកើតរបស់ អ៊ុយក្រែន។
ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កងទ័ពរបស់ប្រទេសនេះបានកម្ចាត់ឧត្តមសេនីយ៍យោធារុស្ស៊ី ១២ នាក់រួចមកហើយ ចាប់តាំងពី មូស្គូ បានបើកការឈ្លានពានកាលពីចុងខែកុម្ភៈ។
វិមានក្រឹមឡាំង មិនទាន់បញ្ចេញប្រតិកម្មអ្វីទៅនឹងការលើកឡើងខាងលើ ប៉ុន្តែ លោក Alexander Beglov អភិបាលក្រុង Saint Petersburg បានទទួលស្គាល់ថា ឧត្តមសេនីយ៍ Vladimir Frolov មេបញ្ជាការរងនៃកងពលលេខ ៨ របស់ រុស្ស៊ី បានបាត់បង់ជីវិតនៅក្នុងយុទ្ធនាការយោធានៅ អ៊ុយក្រែន។
ចារកម្មអាម៉េរិក ផ្ដោតលើការផ្ដល់ព័ត៌មានស្ដីពីទីតាំង និងព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងបញ្ជាការដ្ឋានកងទ័ពរបស់ រុស្ស៊ី។ ក្រុមមន្ត្រីអ៊ុយក្រែន ប្រើប្រាស់ទិន្នន័យរបស់ចារកម្មអាម៉េរិក បូកនឹងទិន្នន័យដែលពួកគេប្រមូលបានដោយផ្ទាល់ខ្លួន ដើម្បីកងទ័ពអាចបើកការវាយប្រហារទៅលើមន្ត្រីយោធាជាន់ខ្ពស់ទាំងឡាយរបស់ រុស្ស៊ី នេះបើតាមប្រភពព័ត៌មានពី សហរដ្ឋអាម៉េរិក។
អាម៉េរិក មិនផ្ដល់ព័ត៌មានចារកម្មស្ដីពីក្រុមមេបញ្ជាការយោធាជាន់ខ្ពស់របស់ រុស្ស៊ី ឱ្យ អ៊ុយក្រែន ឡើយ ព្រោះមិនចង់បង្កភាពតានតឹងបន្ថែមជាមួយ ទីក្រុងមូស្គូ។
ក្រៅពី សហរដ្ឋអាម៉េរិក ទីក្រុងកៀវ ក៏ទទួលបានព័ត៌មានចារកម្មស្ដីពីក្រុមមន្ត្រីយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន ផងដែរ នោះគឺ ណាតូ (NATO)។