ប្រទេសមួយចំនួននៅ ទ្វីបអាស៊ី កំពុងសាកល្បងឱ្យធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ នៅពេលម៉ោងធ្វើការផ្លូវការអូសបន្លាយពេលយូរបង្កឱ្យអស់កម្លាំង និងមិនស៊ីគ្នាទៅនឹងផលិតភាពនៃកម្លាំងពលកម្ម។
ជប៉ុន ដែលជាប្រទេសល្បីឈ្មោះខាងធ្វើការតឹងតែងជាងគេ បច្ចុប្បន្នបែរជានាំមុខគេក្នុងនិន្នាការនៃការធ្វើការបែបថ្មីនៅ អាស៊ី។ ក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសនេះ បានតាមទាន់និន្នាការថ្មីនេះ ដោយការប្រកាសគម្រោងកាត់បន្ថយថ្ងៃធ្វើការក្នុងសប្ដាហ៍។
កាលពីខែមេសា ២០២២ ក្រុមហ៊ុន Hitachi ប្រកាសអនុវត្តសាកល្បងលើការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ សម្រាប់បុគ្គលិកជាង ១៥,០០០ នាក់ ហើយតាមផែនការ ការសាកល្បងនេះនឹងបញ្ចប់នៅខែមីនាឆ្នាំក្រោយ។ ក្នុងខែដដែល ក្រុមហ៊ុន Gaem Freak ដែលជាម្ចាស់ហ្គេម Pokemon ក៏បានសាកល្បងកាត់បន្ថយថ្ងៃធ្វើការចំពោះបុគ្គលិកមួយចំនួន។ ចំណែកបណ្ដាក្រុមហ៊ុនល្បីៗផ្សេងទៀត ដូចជា Panasonic Holdings និង NEC ជាដើម ក៏កំពុងពិចារណាលើលទ្ធភាពនេះដែរ។
នៅ ឥណ្ឌូណេស៊ី ក្រុមហ៊ុនហិរញ្ញវត្ថុ Alami បានបង្ហាញគោលការណ៍ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ ចាប់ពីឆ្នាំ ២០២១ ក្នុងបំណងកែលម្អសុខភាពស្មារតី និងផលិតភាពសម្រាប់បុគ្គលិក។
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនអប់រំ Eduwill បានក្លាយជាស្ថាប័នដំបូងគេនៅ កូរ៉េខាងត្បូង ដែលអនុវត្តគោលការណ៍ ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។ គំនិតរបស់ Eduwill បានធ្វើឱ្យអ្នកនយោបាយ ពិសេសគឺបេក្ខភាពប្រធានាធិបតីរបស់ប្រទេសនេះ មានការចាប់អារម្មណ៍ខ្លាំង។
នៅ ប្រទេសឥណ្ឌា យោងតាមការកំណត់ដែលនឹងត្រូវបានអនុវត្តចាប់ពីឆ្នាំនេះ និយោជិតអាចជ្រើសរើសការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ បើទោះជាម៉ោងធ្វើការសរុបប្រហែល ៤៨ ម៉ោង/សប្ដាហ៍ នឹងមិនប្ដូរផ្លាស់។
ទិន្នាការថ្មីនេះ បាន និងកំពុងកើតឡើងនៅក្នុងស្ថានភាពដែល កូវីដ-១៩ ធ្វើឱ្យម្ចាស់ក្រុមហ៊ុន និងនិយោជិតទាំងឡាយ ពិចារណាឡើងវិញអំពីវិធីធ្វើការ។ ការស្ទង់មតិនានានៅក្នុងប្រទេសជាច្រើននៅ ទ្វីបអាស៊ី បានបង្ហាញថា សប្ដាហ៍ដែលមានថ្ងៃធ្វើការតិចជាងមុន គឺជាគោលការណ៍មួយត្រូវបាននិយោជិតគាំទ្រច្រើនបំផុត។
Persol Holdings ក្រុមហ៊ុនខ្នាតយក្សក្នុងវិស័យធនធានមនុស្សនៅ ជប៉ុន ថ្មីៗនេះបានធ្វើការស្ទង់មតិលើបុគ្គលិក និយោជិតជាង ១,០០០ នាក់ ទាក់ទងនឹងគោលការណ៍ដែលពួកគេចង់ឱ្យក្រុមហ៊ុនអនុវត្ត។ បុគ្គលិក ២៣.៥% ដែលជាអត្រាខ្ពស់ជាងគេ គាំទ្រឱ្យមានថ្ងៃធ្វើការពី ៣ ទៅ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។
ចំណែក ប្រទេសចិន វិញ ក្រសួងធនធានមនុស្ស បាននិយាយថា «ពុំមានមូលដ្ឋានជាក់ស្ដែងណាមួយដើម្បីអាចកាត់បន្ថយថ្ងៃធ្វើការបន្ថែមទៀតឡើយ ព្រោះប្រការនេះនឹងជាអម្រែកហិរញ្ញវត្ថុធ្ងន់សម្រាប់ក្រុមហ៊ុន និយោជក។ អ្នកប្រើប្រាស់កម្លាំងពលកម្មនឹងត្រូវចំណាយបន្ថែមពី ១៥០% ដល់ ៣០០% នៃប្រាក់ខែគោល សម្រាប់បុគ្គលិក និយោជិតដែលធ្វើការថែមម៉ោង»៕