នាវិកជាង ២០០ នាក់បានចាកចេញពីនាវាផ្ទុកយន្តហោះចម្បាំង Washington របស់ ទ័ពជើងទឹកអាម៉េរិក បន្ទាប់ពីមានហេតុករណ៍ធ្វើអត្តឃាត ៤ ករណី ក្នុងនោះមាន ៣ ករណី កើតឡើងក្នុងរយៈពេលមិនដល់ ១ សប្ដាហ៍។
វរសេនីយ៍ឯក Brent Gaut មេបញ្ជាការនាវាផ្ទុកយន្តហោះ USS George Washington បានសម្រេចចិត្តអនុញ្ញាតឱ្យនាវិកទាំងឡាយរបស់នាវានេះ ប្ដូរទៅកាន់មូលដ្ឋានផ្សេង នេះបើតាមអង្គភាពទ័ពអាកាសជើងទឹកអាត្លង់ទិក។
ក្នុងថ្ងៃដំបូងនៃការអនុវត្តសេចក្ដីសម្រេចខាងលើ ដែលចាប់ផ្ដើមពីថ្ងៃទី ២ ឧសភា នាវិកជាង ២០០ នាក់ បានចាកចេញពីនាវាផ្ទុកយន្តហោះនេះ និងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពជើងទឹកនៅក្បែរនោះ។ សេចក្ដីប្រកាសឱ្យដឹងថា «គម្រោងនេះនឹងបន្តរហូតដល់នៅលើនាវានេះលែងមានវត្តមានរបស់នាវិកដែលចង់ចាកចេញ»។
ជាធម្មតា USS George Washington មាននាវិកប្រហែល ៥,០០០ នាក់ ប៉ុន្តែ ក្នុងដំណាក់កាលជួសជុលលើកនេះ តួលេខនេះគឺប្រហែលពី ២,០០០ ទៅ ៣,០០០ នាក់។
ក្នុងរយៈពេល ១២ ខែកន្លងទៅ នាវិក ៧ នាក់នៅលើនាវាផ្ទុកយន្តហោះចម្បាំង USS George Washington បានបាត់បង់ជីវិត ក្នុងនោះមានករណីសម្លាប់ខ្លួនចំនួន ៤ នាក់ ដែលមាន ៣ នាក់បានធ្វើអត្តឃាតក្នុងរយៈពេលមិនដល់ ១ សប្ដាហ៍ កាលពីខែកន្លង នាំឱ្យក្រុមមន្ត្រីបើកការស៊ើបអង្កេត។ លទ្ធផលនៃការស៊ើបអង្កេតនឹងត្រូវបានប្រកាសនៅក្នុងសប្ដាហ៍នេះ។