ក្រុមមន្ត្រីនៃ ប្រទេសអង់គ្លេស ឱ្យដឹងថា នឹងផ្ដល់ជំនួយយោធាតម្លៃ ៣៧៥ លានដុល្លារបន្ថែមទៀត ដល់ ប្រទេសអ៊ុយក្រែន ក្នុងនោះមានទាំងឧបករណ៍សម្រាប់សង្គ្រាមអេឡិចត្រូនិច និងប្រព័ន្ធរ៉ាដាផងដែរ។
យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ទន្ទឹមនឹងយោធូបករណ៍ផ្សេងៗ ទីក្រុងឡុងដ៍ ក៏នឹងផ្ដល់ឧបករណ៍សម្រាប់មើលពេលយប់ ឧបករណ៍រំខានដល់ការកំណត់ទិសរបស់ផ្កាយរណប យន្តហោះគ្មានមនុស្សបើកធុនធ្ងន់ ដល់កងទ័ពរបស់ អ៊ុយក្រែន រួមនឹងរថពាសដែកមួយចំនួនសម្រាប់ក្រុមមន្ត្រីស៊ីវិល។
អង់គ្លេស បានផ្ដល់ជំនួយដល់ អ៊ុយក្រែន ជាច្រើនមកហើយ ក្នុងនោះមានដូចជា មីស៊ីលប្រឆាំងរថក្រោះជាង ៥,០០០ ដើម រួមនឹងប្រព័ន្ធការពារដែនអាកាសចំនួន ៥ ឈុត ក៏ដូចជាគ្រាប់រំសេវជាច្រើនប្រភេទ រាប់ចាប់តាំងពី រុស្ស៊ី បានបើកការឈ្លានពានលើ ទឹកដីអ៊ុយក្រែន។
ចំណែក សហរដ្ឋអាម៉េរិក វិញ មកដល់បច្ចុប្បន្ន បានផ្ដល់ជំនួយយោធា ៣ ពាន់លានដុល្លារដល់ អ៊ុយក្រែន។ ប្រធានាធិបតី ចូ បៃដិន កាលពីសប្ដាហ៍កន្លង បានស្នើឱ្យសភា អនុម័តកញ្ចប់ជំនួយថ្មីដែលមានតម្លៃរហូតដល់ ២០ ពាន់លានដុល្លារអាម៉េរិក។