លោក Elon Musk ត្រូវបានគេជឿថា មិនពេញចិត្ត ពេលដែលអតីតប្រធានាធិបតីរបស់ សហរដ្ឋអាម៉េរិក លោក Donald Trump នៅតែមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលប្រើគណនី Twitter។
យោងតាម Wall Street Journal មនុស្សមួយចំនួនដែលធ្លាប់បាននិយាយជាមួយនាយកប្រតិបត្តិរបស់ SpaceX ថ្មីៗនេះ បានឱ្យដឹងថា លោក Musk បានបង្ហាញការខកចិត្ត ព្រោះតែបទបញ្ជាហាមប្រើប្រាស់បណ្ដាញសង្គម Twitter ចំពោះលោក Trump នៅតែត្រូវបានគេអនុវត្ត។ ក៏ប៉ុន្តែ លោក Musk មិនបាននិយាយអំពីប្រការដែលថា លោកនឹងផ្លាស់ប្ដូរគោលការណ៍ ឬលើកឡើងនូវករណីលើកលែងដើម្បីស្ដារគណនីឱ្យ អតីតប្រធានាធិបតីអាម៉េរិក នៅពេលលោកបានចូលមកក្ដោបក្ដាប់ Twitter ឬយ៉ាងណានៅឡើយ។
នៅលើ Fox News កាលពីថ្ងៃទី ២៥ មេសា លោក Donald Trump បានអះអាង នឹងមិនវិលត្រលប់មកប្រើប្រាស់ប្រាស់ Twitter វិញទេ បើទោះជាគណនីរបស់លោកត្រូវបានបើកឡើងវិញ។
មកដល់ថ្ងៃទី ២៩ មេសា លោក Trump បានបង្ហោះសារមួយនៅលើ Truth Social ថា «ខ្ញុំបានត្រលប់មកវិញហើយ»។ នេះជាលើកដំបូងដែលលោកបង្ហាញខ្លួននៅលើបណ្ដាញសង្គមដែលលោកបានបង្កើតឡើងដោយផ្ទាល់ ចាប់តាំងពី ខែកុម្ភៈ។ សាររបស់លោក មិនយូរប៉ុន្មានក៏មានអ្នកចុចចូលចិត្តជាង ៣០០,០០០ លើក និងការចែករំលែកបន្តចំនួនជាង ១០០,០០០ លើក។
លោក Trump ត្រូវបាន Twitter ហាមមិនឱ្យប្រើប្រាស់ជារៀងរហូតចាប់តាំងពីខែមករា ២០២១ ក្រោមមូលហេតុថា លោកបាន «អុជអាលឱ្យមានអំពើហិង្សាបន្ថែម»។ អតីតប្រធានាធិបតីអាម៉េរិក យល់ថា បណ្ដាញសង្គមនេះមានគណនីក្លែងក្លាយច្រើន និងបាត់បង់សេរីភាពបញ្ចេញមតិ។
ចំណែកលោក Musk វិញ និយាយថា សេរីភាពនៃការបញ្ចេញមតិគឺជាគ្រឹះរបស់ប្រជាធិបតេយ្យ ហើយ Twitter គឺជាថ្នាលបច្ចេកវិទ្យា ជាទីដែលបញ្ហាសំខាន់ៗនៃអនាគតរបស់មនុស្សជាតិត្រូវបានលើកយកមកជជែកតវ៉ា»៕