Skip to content

ចិន ស្វែងរក​វិធី​ការពារ​ទ្រព្យ ក្នុង​គ្រាដែល​ អាម៉េរិក បាន​ចេញ​បញ្ជា​ឱ្យ​បង្កក​សម្បត្តិរបស់​បរទេស​ខ្លះ

សកម្មភាព​នេះ​កើតឡើង​ក្នុង​កាលៈទេសៈ​ដែល​ទ្រព្យសម្បត្តិ​ជាង ៣០០ ពាន់​លាន​ដុល្លារ របស់ ធនាគារជាតិ​រុស្ស៊ី ដែល​ស្ថិតនៅក្នុង​បណ្ដា​ធនាគារ​បរទេស ត្រូវបាន សហរដ្ឋ​អាម៉េរិក និង សម្ព័ន្ធមិត្ត​បង្កក ឬ​គំរាម​រឹបអូស។

ទីភ្នាក់ងារសារព័ត៌មាន Financial Times ដកស្រង់​ដំណឹង​ពី​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ឱ្យដឹងថា ក្រុម​អ្នកតាក់តែង​ច្បាប់​របស់ ចិន បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​បណ្ដា​ធនាគារធំៗក្នុងស្រុក និង​បរទេស ដើម្បី​ពិភាក្សា​អំពី​វិធានការ​ការពារ​ទ្រព្យសម្បត្តិ បើសិន អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ចិន ដូច​ទៅនឹង​អ្វីដែល រុស្ស៊ី បាន​រង​កាលពី​ខែកុម្ភៈ។

កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២២ មេសា និង​មានការ​ចូលរួម​ពី​ក្រុមមន្ត្រី​របស់ ធនាគារ​ប្រជាជន និង​ក្រសួង​ហិរញ្ញវត្ថុ​ចិន រួម​នឹង​ធនាគារ​រដ្ឋ​ចិន ទាំងអស់ និង​បណ្ដា​ធនាគារ​បរទេសធំៗដែល​កំពុង​រកស៊ី​នៅ​ប្រទេស​នេះ។

មន្ត្រីជាន់ខ្ពស់ ១ រួប របស់ ក្រសួង​ហិរញ្ញវត្ថុ​ចិន នៅក្នុង​កិច្ចប្រជុំ​នោះ និយាយថា ទីក្រុង​ប៉េកាំង បានដាក់​លទ្ធភាព​នៃ​ការ​បង្កក​ទ្រព្យ​របស់​បរទេស ពី​សំណាក់ លោកខាងលិច ទៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន នៅពេល​ពិនិត្យមើល​នូវ​អ្វីដែល សហរដ្ឋ​អាម៉េរិក និង សម្ព័ន្ធមិត្ត បានធ្វើ​ចំពោះ រុស្ស៊ី។

ក្នុង​រយៈពេល ៣ ខែ​កន្លង រុស្ស៊ី ឱ្យដឹងថា អាម៉េរិក និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ អាម៉េរិក បាន​បង្កក​ទ្រព្យ​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ ក្នុងចំណោម​ទ្រព្យសម្បត្តិ​ប្រហែល ៦៤២ ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី នៅ​បរទេស។ ថ្មីៗនេះ អាម៉េរិក និង បស្ចិម​លោក បាន​គំរាមថា នឹង​រឹបអូស​ទ្រព្យ​ខាងលើ ឬ​ផ្ទេរ​វា​ទៅឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ចាត់ចែង​តាមចិត្ត​ចង់។

បុគ្គល ១ រូប ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ខាងលើ ឱ្យដឹងថា ខ្លឹមសារ​នៃ​កិច្ចប្រជុំ​មិនបាន​និយាយ​ដល់​សេណារីយោ​ទាក់ទិន​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​នោះទេ។ បុគ្គល​នេះ​អះអាងថា ការ​កាត់ផ្ដាច់​រវាង​សេដ្ឋកិច្ច​ចិន និង​លោកខាងលិច នឹង​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង រុស្ស៊ី ព្រោះថា វត្ត​មាននៃ​សេដ្ឋកិច្ច​របស់ ទីក្រុង​ប៉េកាំង គ្របដណ្ដប់​ពាសពេញ​ពិភពលោក។

បច្ចុប្បន្ន ប្រទេស​ចិន មានទ្រព្យ​ជាង ១.៥ ទ្រី​លាន (១.៥ លាន​លាន/១,៥០០,០០០,០០០,០០០) ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក ក្នុងនោះ​មាន​ភាគហ៊ុន​ប្រមាណ ១ ទ្រី​លាន​ដុល្លារ នៅក្នុង​រតនាគារ​អាម៉េរិក នាទី​ក្រុង New York។ រដ្ឋាភិបាល​ចិន និង​បណ្ដា​ក្រុមហ៊ុន​រដ្ឋ​ចិន ក៏មាន​ទ្រព្យ​រាប់សែន​លាន​ដុល្លារ នៅលើ ទឹកដី​អាម៉េរិក ផងដែរ ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន អចលនទ្រព្យ ភាគហ៊ុន និង​សេវាកម្ម។ល។

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល អាម៉េរិក និង​លោកខាងលិច បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​បរទេស។ កាលពី​ឆ្នាំ ២០២១ ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏បាន​រឹបអូស​យក​ទ្រព្យ​ប្រហែល ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី ទីក្រុង​កា​ប៊ុល បាន​ធ្លាក់​ទៅលើ​ដៃ​របស់​ក្រុម តា​លី​បង់។

មុន​នោះ រដ្ឋាភិបាល និង​បណ្ដា​ធនាគារ​របស់លោក​ខាងលិច ក៏​ធ្លាប់បាន​បង្កក រឹបអូស​ទ្រព្យ​រាប់សិប​ពាន់​លាន​ដុល្លារ​របស់ វ៉េ​ណេ​ស៊ុយ​អេ​ឡា, លី​ប៊ី និង អ៊ីរ៉ង់ ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *