ប្រធានសភាជាន់ទាបអាម៉េរិក Nancy Pelosi អះអាងថា ទីក្រុងវ៉ាស៊ីងតោន នឹងប្រកៀកស្មាជាមួយនឹង ទីក្រុងកៀវ បន្ទាប់ពីដំណើរទស្សនកិច្ចសម្ងាត់នៅ រដ្ឋធានីរបស់ អ៊ុយក្រែន កាលពីថ្ងៃទី ៣០ មេសា។
វីដេអូដែលត្រូវបានបង្ហោះដោយ ប្រធានាធិបតីអ៊ុយក្រែន នៅលើ Twitter កាលពីម្សិលមិញ បង្ហាញថា លោក ហ្សេឡែនស្គី ដែលត្រូវបានអមដំណើរដោយក្រុមប្រដាប់អាវុធ នៅមុននោះ ១ ថ្ងៃ បានចេញទទួលស្វាគមន៍ប្រតិភូសភាអាម៉េរិក ដឹកនាំដោយ ប្រធានសភាជាន់ទាប Pelosi នៅខាងក្រៅការិយាល័យប្រធានាធិបតី។
«ប្រតិភូរបស់យើងទៅកាន់ ទីក្រុងកៀវ គឺដើម្បីជាសារ ១ ដែលមិនអាចយល់ច្រលំបាន និងយ៉ាងគគ្រឹកគគ្រេងពេញសកលលោក៖ សហរដ្ឋអាម៉េរិក តែងតែប្រកៀកស្មាជាមួយ អ៊ុយក្រែន» លោកស្រី Pelosi ថ្លែងដូច្នេះ។ Pelosi គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ អាម៉េរិក ដែលបានធ្វើទស្សនកិច្ច ទៅក្រុងកៀវ ចាប់តាំងពី រុស្ស៊ី បានបើកការឈ្លានពានលើ ទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ។
នៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន កងទ័ពរុស្ស៊ី នៅតែបន្តបង្កើនការវាយប្រហារដើម្បីឈានទៅគ្រប់គ្រងតំបន់ Donbass ជាទីដែលក្រុមផ្ដាច់ខ្លួនគាំទ្រដោយ រុស្ស៊ី បានកាន់កាប់ផ្នែកខ្លះនៃខេត្ត Luhansk និង Donetsk។
កងកម្លាំងរុស្ស៊ី បានកាន់កាប់ទីរួមស្រុក Kherson ដែលមានចម្ងាយពី Crimea ប្រហែល ១០០ គីឡូម៉ែត្រ ទៅទិសខាងជើង តាំអពីខែមីនា។
នៅក្នុងថ្ងៃទី ១ ឧសភា កងទ័ពអ៊ុយក្រែន ឱ្យដឹងថា កម្លាំងរុស្ស៊ី ពី Kherson កំពុងវាយប្រហារឆ្ពោះទៅទិសខាងជើង សំដៅទីក្រុង Mykovaliv និង Kryvyi Rih របស់ អ៊ុយក្រែន។
រុស្ស៊ី កាលពីម្សិលមិញ ក៏ប្រកាសថា បានកម្ចេចអាវុធមួយចំនួនរបស់ អាម៉េរិក និង អឺរ៉ុប ដែលផ្ដល់មកឱ្យ អ៊ុយក្រែន នៅពេលវាយប្រហារលើ ព្រលានយន្តហោះក្បែរ Odessa។ អភិបាលខេត្ត Odessa ក៏បានទទួលស្គាល់ថា មានការវាយប្រហារពី រុស្ស៊ី នៅទីនេះ។ ប៉ុន្តែ រដ្ឋាភិបាលអ៊ុយក្រែន មិនទាន់មានការអធិប្បាយអ្វីចំពោះរឿងនេះនៅឡើយ។