Skip to content

អាម៉េរិក ផ្ដល់ជំនួយ​ដល់ វៀតណាម ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនទឹក

សហរដ្ឋ​អាម៉េរិក ប្រគល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​ថែទាំ​កប៉ាល់ និង​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ប៉ូលិស​ជើង​ទឹក​វៀតណាម អាច​លើកកម្ពស់​សមត្ថភាព​ការពារ​សន្តិសុខ​លើ​ផ្ទៃសមុទ្រ។

«យើង​ទើបតែ​បាន​ចូលរួម​ពិធី​ប្រគល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​ថែទាំ ឱ្យ ប៉ូលិស​ការពារ​ដែនសមុទ្រ​វៀតណាម នៅ ហៃ​ហ្វុ​ង» បណ្ឌិត Robert Pope ប្រធាន​ផ្នែក​កាត់បន្ថយ​ការគំរាមកំហែង និង​សហ​ប្រ​ត្រិ​ប​ត្តិ​ការ (CTR) នៃ អង្គភាព​កាត់បន្ថយ​ការគំរាមកំហែង​ផ្នែក​ការពារជាតិ​អាម៉េរិក (DTRA) បាន​និយាយ​នៅ រដ្ឋធានី​ហាណូយ កាលពី​ល្ងាចម្សិលមិញ​ដូច្នេះ។

លោក Pope ឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​អាច​ថែទាំ​កប៉ាល់ធំៗ ជួយ​ឱ្យ​ពួកវា​ដំណើរការ​បានល្អ និង​យូរអង្វែង។ «ប្រការនេះ​នឹង​ជួយ​ដល់ វៀតណាម ល្បាត​សមុទ្រ​របស់ខ្លួន ដើម្បី​ធានា​សេរីភាព​ចំពោះ​ចរាចរណ៍​ផ្លូវទឹក និង​ពាណិជ្ជកម្ម»។

វរសេនីយ៍ឯក Thomas M. Stevenson មន្ត្រី​អនុព័ន្ធយោធា​អាម៉េរិក ប្រចាំ វៀតណាម និយាយថា DTRA បាន​ជួយ​ដល់​ការសាងសង់​មូលដ្ឋាន​ហ្វឹកហ្វឺន និង​ថែទាំ ៤ កន្លែង សម្រាប់​ប៉​លិ​ស​នៅក្នុង ៤ តំបន់​សមុទ្រ​របស់ វៀតណាម។ នៅក្នុង​មជ្ឈមណ្ឌល​ទាំងនេះ អាម៉េរិក បានផ្ដល់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងឡាយ​ជួយ​ឱ្យ​ក្រុម​នាវិក​វៀតណាម ធ្វើការ​ហ្វឹកហ្វឺន ក្នុងការ​បើកបរ លើកកម្ពស់​សមត្ថភាព​ប្រើប្រាស់​កប៉ាល់ ដើម្បី​បម្រើ​ដល់​សកម្មភាព​ល្បាត និង​ការពារ​ដែនទឹក​របស់​ពួកគេ​ឱ្យបាន​ល្អ​ជាង​មុន។

ក្រៅពីនេះ អាម៉េរិក ក៏​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ដល់ វៀតណាម ផងដែរ ដើម្បី​ជួយ​ឱ្យ នាវា​របស់ ប៉ូលិស​វៀតណាម ពង្រឹង និង​ពង្រីក​សមត្ថភាព​ល្បាត​លើ​ដែនសមុទ្រ។

ទំនាក់ទំនង​រវាង អាម៉េរិក-វៀតណាម បាន​ត្រលប់មក​ជាធម្មតា​វិញ ចាប់ពី​ឆ្នាំ ១៩៩។ ប្រទេស​ទាំង ២ បាន​បង្កើត​ទំនាក់ទំនង​ពេញលេញ​កាលពី​ឆ្នាំ ២០១៣ ហើយ អាម៉េរិក ក៏បាន​ប្រកាស​ដក​ការហាមឃាត់​អាវុធ​ចំពោះ ប្រទេស​វៀតណាម កាលពី​ឆ្នាំ ២០១៦។

គិត​មកដល់​ឆ្នាំ ២០២០ ការដោះដូរ​ពាណិជ្ជកម្ម​រវាង អាម៉េរិក និង វៀតណាម បាន​កើន​ឡើងដល់ ៩០.៥ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ៤៥០ លាន​ដុល្លារ​កាលពី​ឆ្នាំ ១៩៩៤៕

Leave a Reply

Your email address will not be published. Required fields are marked *