Skip to content

មហេសី​របស់​មហាក្សត្រ​ នៃ​ ប្រទេស​​ម៉ាឡេស៊ី រៀប​រាប់​​​អំពី​​ «បញ្ហា​​អសមត្ថ​ភាព​​បន្ត​​ពូជ»​ ដែល​​ទ្រង់​​បាន​​ឆ្លង​​កាត់

ព្រះ​មហេសី Azizah មានបន្ទូលថា ទ្រង់​ធ្លាប់បាន​ឆ្លងកាត់​ការបង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍ (IVF (In Vitro Fertilization)​ ចំនួន ១៦ លើក មុនពេល​ទ្រង់​គភ៌​លើកដំបូង ដែល​នេះ​គឺជា​រឿងរ៉ាវ​ពិសេស​មួយ ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មិនមាន​សមត្ថភាព​បន្ត​ពូជ។

«ខ្ញុំ​ធ្លាប់បាន​ឆ្លងកាត់​ការបង្ក​កំណើត​ក្នុង​កែវពិសោធន៍​ចំនួន ១៦ លើក និង​បាន​ជោគជ័យ​នៅក្នុង​លើក​ទី ១។ ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា អាច​ផ្ដល់កំណើត​ឱ្យ​កូន​ចំនួន ៥ នាក់​បន្ថែមទៀត ក្នុងនោះ​មាន​ទាំង​កូនភ្លោះ​ទៀតផង» ព្រះមហា​សី Azizah ព្រះជន្ម ៦១ វស្សា មានបន្ទូល​ប្រាប់ Telegraph កាលពី​ចុង​សប្ដាហ៍​កន្លង​ដូច្នេះ។

មហេសី Azizah បាន​រៀប​អភិសេក​ជាមួយ មហាក្សត្រ Abdullah កាលពី​ឆ្នាំ ១៩៨៦ និង​ទ្រង់​គភ៌​បុត្រ​ដំបូង​កាលពី​ឆ្នាំ ១៩៩៥។ ក្រោយមក ទ្រង់​ក៏បាន​ប្រសូត្រ​បុត្រា ៣ អង្គ និង​បុត្រី ២ អង្គ​ថែមទៀត។

ព្រះ​មហេសី Azizah កាលពី​ឆ្នាំ ២០០៤ បាន​បង្កើត​មូលនិធិ​ផ្ដល់កំណើត Tunku Azizah ដើម្បី​ជួយ​ដល់​សកម្មភាព​នៃ​វិធីសាស្ត្រ​ព្យាបាល​បញ្ហា​អសមត្ថភាព​បន្ត​ពូជ ពិសេស​គឺ​គូ​ស្វាមីភរិយា​ក្រីក្រ។

«ខ្ញុំ​ដឹងថា វិធីសាស្ត្រ​នេះ​ពិតជា​ត្រូវ​ចំណាយ​ច្រើន និង​យល់ច្បាស់​ពី​ការ​ពិបាកចិត្ត​ដែល​គ្រប់គ្នា​ត្រូវ​ឆ្លងកាត់។ ក្រោយ​ការព្យាបាលម្ដងៗ អ្នក​ត្រលប់​ទៅផ្ទះ ហើយ​យំ» មហេសី Azizah រៀបរាប់។

ក្ស​ត្រី​អង្គ​នេះ ឱ្យដឹងថា ជនជាតិ​អាស៊ី តែងតែ​លាក់បាំង​បញ្ហា​ផ្ទាល់ខ្លួន ប៉ុន្តែ ទ្រង់​យល់ថា ដល់ពេល​ដែល​គួរ​និយាយ​ដល់​បញ្ហា​អសមត្ថភាព​បន្ត​ពូជ ការបង្ក​កំណើត​ក្នុង​កែវពិសោធន៍ ហើយ​ចាប់​ផ្ដើមធ្វើ​សកម្មភាព។

សមាជិក​រាជវង្ស ​នៃ​មហា​ក្សត្រ​របស់ ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​ ២០២០

បុត្រា បុត្រី​របស់​មហាក្សត្រ នៃ ប្រទេស​ម៉ាឡេស៊ី សុទ្ធតែ​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗនៅ ចក្រភព​អង់គ្លេស។ ព្រះអង្គម្ចាស់ Abdullah ឡើងគ្រងរាជ្យសម្បត្តិ​កាលពី​ឆ្នាំ ២០១៩ និង​បន្ត​សោយរាជ្យ​រហូតដល់​ឆ្នាំ ២០២៤។

Leave a Reply

Your email address will not be published. Required fields are marked *