រូបភាពពីផ្កាយរណបបង្ហាញថា រុស្ស៊ី ទំនងជាកំពុងប្រើប្រាស់ផ្សោតសមុទ្រដើម្បីបង្ការករណីកងកម្លាំងមុជទឹករបស់សត្រូវ វាយប្រហារលើអង្គភាពការពារកំពង់ផែ Sevastopol ក្នុងពេលបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន។
ទ័ពជើងទឹករុស្ស៊ី ដាក់ពង្រាយទ្រុងផ្សោតចំនួន ២ នៅច្រកចេញចូលកំពង់ផែ Sevastopol។ ទ្រុងទាំងនេះត្រូវបានដឹកមកកាន់ទីតាំងក្នុងខែកុម្ភៈ មុនការចាប់ផ្ដើមបើកយុទ្ធនាការយោធាពិសេសរបស់ រុស្ស៊ី នៅ អ៊ុយក្រែន នេះបើតាមការអះអាងកាលពីថ្ងៃទី ២៧ មេសា របស់ក្រុមអ្នកជំនាញផ្នែកនាវាមុជទឹក និងប្រព័ន្ធក្រោមទឹក H. I. Sutton បន្ទាប់ពីបានវិភាគលើទិន្នន័យដែលបានពីផ្កាយរណប។
Sevastopol គឺជាមូលដ្ឋានទ័ពជើងទឹកសំខាន់បំផុតរបស់ រុស្ស៊ី នៅ សមុទ្រខ្មៅ។ ខាងក្នុងកំពង់ផែ នាវាចម្បាំងតម្លៃខ្ពស់ជាច្រើនគ្រឿងរបស់ រុស្ស៊ី កំពុងចតឆ្ងាយពីរង្វង់ប្រតិបត្តិនៃ មីស៊ីល របស់ អ៊ុយក្រែន ប៉ុន្តែ ងាយនឹងត្រូវរងការវាយប្រហារពីក្រោមទឹក។
កងកម្លាំងរបស់ រុស្ស៊ី អាចប្រើប្រាស់ក្រុមប្រយុទ្ធសត្វផ្សោតសមុទ្រដែលទទួលបានការបង្ហាត់យ៉ាងស្ទាត់ជំនាញ ដើម្បីទប់ទល់នឹងកងកម្លាំងមុជទឹករបស់សត្រូវ បង្ការសេណារីយោ ដែលថា កងកុម្មង់ដូរបស់ អ៊ុយក្រែន លួចចូលមកមូលដ្ឋានទ័ពកំពង់ផែ Sevastopol ដើម្បីបំផ្លាញនាវាចម្បាំង។
កាលពីសម័យសង្គ្រាមត្រជាក់ ទ័ពជើងទឹករបស់ សូវៀត បានអភិវឌ្ឍកម្មវិធីមួយចំនួនសម្រាប់បង្វឹកថនិកសត្វ ក្នុងនោះមានសត្វផ្សោតសមុទ្រផងដែរ នៅ សមុទ្រខ្មៅ។ អង្គភាពនេះដាក់មូលដ្ឋាននៅ Kazachya Bukhta ក្បែរ Sevastopol រហូតដល់បច្ចុប្បន្ន។
បន្ទាប់ពី សូវៀត បានដួលរលំកាលពីឆ្នាំ ១៩៩១ អង្គភាពខាងលើត្រូវបានផ្ទេរទៅឱ្យកងទ័ពរបស់ អ៊ុយក្រែន ប៉ុន្តែ ហាក់លែងដំណើរការទៅហើយ។ នៅពេល រុស្ស៊ី កាត់យកឧបទ្វីប Crimea កាលពីឆ្នាំ ២០១៤ អង្គភាពនេះក៏ត្រូវបានកាត់ចូល ប្រទេសរុស្ស៊ី សកម្មភាពរបស់អង្គភាពនេះក៏ដំណើរការឡើងវិញ និងត្រូវបានពង្រីកបន្ថែម។
ក្រុមនាវាចម្បាំងសមុទ្រខ្មៅ របស់ រុស្ស៊ី ធ្លាប់ដាក់ពង្រាយសត្វផ្សោតសមុទ្រនៅមូលដ្ឋានទ័ពជើងទឹក Tartus ក្នុង ប្រទេសស៊ីរី អស់ជាច្រើនខែកាលពីឆ្នាំ ២០១៨។ ទ្រុងសត្វផ្សោតចល័តកាលណោះ ដូចទៅនឹងប្រភេទដែលកំពុងប្រើប្រាស់នៅកំពង់ផែ Sevastopol នាបច្ចុប្បន្ន។
«មិនទាន់ដឹងច្បាស់ថា អ៊ុយក្រែន មានផែនការវាយប្រហារកំពង់ផែ Sevastopol ឬអត់នៅឡើយ។ ក្រុមអ្នកជំនាញផ្នែកជើងទឹកចាត់ទុកសត្វប្រភេទនេះថា ជាវិធានការទប់ទល់ដ៏មានប្រសិទ្ធភាពចំពោះក្រុមអ្នកមុជទឹករបស់សត្រូវ» Sutton បញ្ជាក់ដូច្នេះ៕